ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងរយៈពេលចុងក្រោយនេះ លំនៅឋានលំហែកាយបាននិងកំពុងក្លាយជាទីពេញនិយម សម្រាប់អ្នកមានចំណូលខ្ពស់ និងអ្នកដែលមានលំនៅឋានអចិន្ត្រៃយ៍មួយរួចទៅហើយ ។ លំនៅឋានលំហែកាយភាគច្រើន ត្រូវបានវិនិយោគនៅតំបន់ដាច់ស្រយ៉ាល ឬទីតាំងនៅក្បែរតំបន់ទេសចរណ៍នានា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា នៅពេលកម្រិតជីវភាពពលរដ្ឋកាន់តែមានភាពប្រសើរ តម្រូវការលំនៅឋានលំហែកាយ ក៏កាន់តែពេញនិយមនិងមានតម្រូវការខ្ពស់ដែរ ។ អ្នកដែលទិញលំនៅឋានលំហែកាយ ជាអ្នកដែលមានផ្ទះអចិន្ត្រៃយ៍មួយរួចទៅហើយ ហើយមានលទ្ធភាពក្នុងការទិញលំនៅឋានមួយទៀត សម្រាប់ទុកលំហែនៅពេលទំនេរពីការងារ ។
លោកបន្តថា “លំនៅឋានលំហែកាយ ក៏ជាអ្វីដែលវិនិយោគិនក្នុងស្រុក និងក្រៅស្រុកកំពុងសម្លឹងរកមើលការវិនិយោគ ជាបន្តបន្ទាប់ផងដែរក្នុងនោះតំបន់ ក្នុងខេត្តកំពត មណ្ឌលគីរីរតនគីរី ជាខេត្តដែលកំពុងទាក់ទាញ នូវការវិនិយោគលំនៅឋានប្រភេទនេះ”។លោកបន្តថា “ជាមួយគ្នានេះ ខេត្តកំពតទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះនៅជិតរាជធានីភ្នំពេញ ដូច្នេះអ្នកនៅភ្នំពេញ អាចទៅសម្រាកនៅកំពតមួយយប់ឬមួយថ្ងៃដោយមិនគេងក៏បាន”។
លោកច្រឹក សុខនីមបានបន្ថែមថា នៅពេលអនាគត តម្រូវការផ្ទះលំហែកាយនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ដោយសារតែជីវភាពពលរដ្ឋកាន់តែប្រសើរ ហើយតម្រូវការនៃការសម្រាកលំហែនៅថ្ងៃទំនេរ ដូចជាថ្ងៃបុណ្យទាន ឬថ្ងៃចុងសប្ដាហ៍ជាដើម ។
ជាមួយគ្នានេះ លោកសុខ គែនភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតបាននិយាយផងដែរថា អ្នកនៅភ្នំពេញជាច្រើន បានសម្រុកទិញដីនៅខេត្តកំពត ត្រៀមទុកអភិវឌ្ឍន៍ជាផ្ទះលំហែកាយសម្រាប់ជួលបន្តផង ឬអាចសម្រាប់ទុកសម្រាកលំហែនៅពេលទំនេរផង ។ សកម្មភាពនេះ បានកើតឡើងជាបន្តបន្ទាប់ ទោះកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក្ដី ដែលជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខេត្តកំពតនៅតែមានកំណើនចំពោះដីនៅជិតៗក្រុង ទីរួមខេត្ត ជាពិសេសដីធ្លីនៅជាប់មាត់ព្រែក ព្រោះជាទីតាំងដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍន៍ជាផ្ទះលំហែលកាយ។
បច្ចុប្បន្នលំនៅដ្ឋានលំហែកាយ បានចាប់ផ្តើមកាន់តែច្រើននៅខេត្តកំពត ពិសេសតំបន់ជាប់ដងព្រែក ដូចជាកំពតឋានសួគ៌ គំរោងForest Harmony គំរោងលំនៅដ្ឋានផ្សេងៗជាច្រើនទៀតនៅខេត្តកំពត និងនៅលើរមណីយដ្ឋានគិរីរម្យ ដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនA2A Town Cambodia៕