យុទ្ធសាស្ត្រ៣ ជា​សូចនាករ​សម្រាប់​ធ្វើការ​វិនិយោគ​អចល​ទ្រព្យ​ទទួលបានប្រាក់ចំណេញ

1

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​ធ្វើឡើង​ច្រើន​វិធី និង​ច្រើន​យុទ្ធសាស្ត្រ ក្នុង​គោលបំណង​រួម​តែមួយ គឺ​ចង់​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ដែល​បញ្ហា​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​បង្ហើប​ពី​យុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជា​មូលដ្ឋានគ្រឹះ ដើម្បី​ជោគជ័យ​លើ​ការវិនិយោគ និង​ចំណេញ​បាន​ប្រាក់​ច្រើន។

លោក​បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​ចំនួន៣ ដែល​ត្រូវបាន​គេ​យកមកអនុវត្ត និង​ទទួលបាន​លទ្ធផល​ល្អ ឆ្លើយតប​ទៅនឹង​ការវិនិយោគ ដូចជា ទី១- ការវិនិយោគ​ជា​លក្ខណៈ​បុគ្គល ទី២- ការវិនិយោគ​ជា​លក្ខណៈ​ក្រុមតូចៗ និង​ទី៣ ការវិនិយោគ​រួមជាមួយ​ក្រុមហ៊ុន​ដែលមាន​អ​ជ្ញា​ប័ណ្ណ គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ ដែល​មូលដ្ឋាន​ទាំង៣នេះ អាចជួយ​ជម្រុញ​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ ប្រកបទៅដោយ​ភាពជោគជ័យ និង​ទទួលបាន​ប្រាក់ចំណេញ។

ទី១ ការវិនិយោគ​ជា​លក្ខណៈ​បុគ្គល

អ្នកវិនិយោគ​ត្រូវមាន​រូបមន្ត ក្នុងការ​ចាប់ផ្ដើម​ចេញ​ពី​មូលដ្ឋាន ក្នុងការ​ស្វែងរក​ប្រភព​នៃ​ព័ត៌មាន ដែល​ស័ក្ដិសម​ទៅនឹង​លទ្ធភាព នៃ​ការវិនិយោគ​របស់​យើង នៅក្នុង​តំបន់ ដែលមាន​លក្ខណៈ​ដូចជា​ប្រភេទ​លំនៅដ្ឋាន ឬ​ជា​ដីធ្លី ឬ​ជា​ប្រភេទ​អា​ពាណិជ្ជកម្ម ដែល​ការវិនិយោគ​ប្រភេទ​នេះ ចាំបាច់​ត្រូវ​អាស្រ័យទៅលើ​ចំណូលចិត្ត និង​ការប្រឹក្សា​យោបល់​បន្ថែម ពី​អ្នកជំនាញ​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ស្ថិតនៅក្នុង​សមាគម ដែលមាន​ជាង១២០ក្រុមហ៊ុន និង​ជាង៣០០០ភ្នាក់ងារ​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​មិន​ត្រូវបាន​ចំណាយ​ថវិកា​នោះទេ។

ទី២ ការវិនិយោគ​ជា​លក្ខណៈ​ក្រុមតូចៗ

ជា​កិច្ចសហការ​ជា​ដៃគូ​ចាប់ពី២នាក់ រហូតដល់១០នាក់ ដោយ​ការចូល​បដិភាគ​ទុនវិនិយោគ ដើម្បី​ទិញ​អចលនទ្រព្យ​ទុក សម្រាប់​វិនិយោគ​បន្ត​ទទួលយក​ប្រាក់ចំណេញ​នៅពេល​អនាគត​រួមគ្នា ដោយ​ការ​បែង​ចែង​ភាគលាភ ទៅតាម​ភាគរយ​នៃ​ដើមទុន ដែល​បាន​ចូលរួម។ តើ​ត្រូវមាន​នីតិវិធី​ដូចម្ដេច ដើម្បី​អាច​ជៀស​ផុតពី​ហានិភ័យ ហើយ​មាន​អត្រា​ជោគជ័យ​ខ្ពស់? ចម្លើយ​គឺ ត្រូវមាន​មូលដ្ឋាន ដើម្បី​ចងក្រង​ជា​ក្រុម​ដោយមាន​ការចែក​បែងចែក​នូវ​អំណាច​នៃ​ការអនុវត្ត ការទទួលខុសត្រូវ និង​ការ​បំណែងចែក​ការងារ។

ការ​ចងក្រង​ជា​ក្រុម គឺអាច​ជួយ​ដុស​ខាត និង​បណ្តុះ​ចំណេះដឹង​ដល់​សមាជិក​ក្នុង​ក្រុម ក្នុង​ការចេះ​សម្លឹងមើល​ពី​បរិបថ​នៃ​ទីផ្សារ​កាន់តែ​ទូលាយ និង​មានឱកាស​រីកចម្រើន​លឿន។

ទី៣ ការវិនិយោគ​រួមជាមួយ​ក្រុមហ៊ុន​ដែលមាន​អ​ជ្ញា​ប័ណ្ណ គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ (Real Estate Investment Trust)

ការវិនិយោគ​បែបនេះ ភាគច្រើន​ក្រុមហ៊ុន​ដែលមាន​អ​ជ្ញា​ប័ណ្ណ មាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ ដែល​ប្រមូលបាន​ពី​ការសហការ​ចូលរួម វិនិយោគ​ពី​ដៃគូតូចៗមក​បង្កើតជា​ដើមទុន សម្រាប់​វិនិយោគ​ទៅលើ​គម្រោង​ធំ ដែល​អាចមាន​លទ្ធភាព​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ដោយមាន​ការ​សន្ម​ត់​ពី​ថេរវេលា​យ៉ាងច្បាស់​លាស់ ពី​ក្រុមហ៊ុន​មាន​អ​ជ្ញា​ប័ណ្ណ ដែលជា​អ្នកគ្រប់គ្រង​មូល​នី​ធិ​ហិរញ្ញវត្ថុ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ផងដែរ​ថា នៅក្នុង​ចំណោម​មូលដ្ឋាន​វិនិយោគ​ទាំង៣ខាងលើនេះ សុទ្ធតែ​មានឱកាស​ទទួល​បាន​ភាគលាភ​ដូចគ្នា ប៉ុន្តែ​អ្វីដែល​សំខាន់ មុនពេល​សម្រេចចិត្ត​វិនិយោគ​នៅក្នុង​ចំណែក​ណាមួយ ចាំបាច់​បំផុត​ត្រូវមាន​ការសិក្សា ស្វែងយល់ និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ឱ្យមាន​គ្រប់គ្រាន់ ឬ​អាចមាន​មេធាវី​ក្នុង​ការរក្សា និង​ការពារ​ផលប្រយោជន៍។

លោក​បន្តថា “អ្វីដែល​សំខាន់​ជាង​ទៅទៀត សម្រាប់​ប្រភពព័ត៌មាន និង​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​នានា លោកអ្នក​ក៏​អាច​ប្រឹក្សា​បន្ថែម​ជាមួយ​សមាជិក សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ដោយ​មិនមាន​តម្រូវ​ចំណាយ​ថវិកា​នោះទេ” ៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here