ដោយៈ រ៉ាណេត
ព្រះសីហនុៈ ក្រុងព្រះសីហនុ ដែលកំពុងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍គ្រប់វិស័យ ក្នុងនាមជាទីក្រុងពាណិជ្ជកម្មពហុបំណងដ៏ទាក់ទាញ បាននិងកំពុងត្រៀមដំណើរការលើសេវាថែទាំទីក្រុងវៃឆ្លាតក្រោមកិច្ចសហការ ពីសំណាក់វិស័យឯកជនដែលជាក្រុមហ៊ុនជំនាញរបស់ប្រទេសជប៉ុន។
លោកគង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានឱ្យនៅព្រឹកថ្ងៃចុងសប្ដាហ៍នេះថា ដំណើរការ និងគម្រោងនៃការថែទាំទាក់ទង នឹងសេវាទីក្រុងវៃឆ្លាត ក្នុងខេត្តព្រះសីហនុ ក្រោមកិច្ចសហការពីសំណាក់ក្រុមហ៊ុនឯកជន អាចនឹងត្រូវចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលការសិក្សាលម្អុត និងកិច្ចព្រមព្រៀងត្រូវបានបញ្ចប់រួចរាល់។
លោកបញ្ជាក់ថា “រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ជាច្រើនលើករួចមកហើយ ថ្ងៃនេះយើងបន្តពិភាក្សាលើកិច្ចព្រមព្រៀងស្តីពី ការដាក់ឱ្យដំណើរការ និងថែទាំអំពូលវៃឆ្លាតបំភ្លឺផ្លូវសាធារណ:ក្នុងក្រុងព្រះសីហនុ ដើម្បីសម្រេចនូវគោលគំនិតទីក្រុងវៃឆ្លាតដោយភ្ជាប់នូវឧបករណ៍ និងបរិក្ខារចាប់សញ្ញាផ្សេងៗសម្រាប់ថ្ងៃអនាគត(គម្រោងទីក្រុងវៃឆ្លាត)”។
ក្នុងឱកាសនោះ លោកគង់ វិតាណ: ក៏បានណែនាំឱ្យក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បន្តពិភាក្សាជាមួយមេធាវីសាលាខេត្ត ដើម្បីរៀបចំខ្លឹមសារ ឯកសារគតិយុត្តិឱ្យបានត្រឹមត្រូវ មុនឈានទៅធ្វើការចុះកិច្ចព្រមព្រៀងដំណើរការថែទាំ ទាក់ទងនឹងសេវាទីក្រុងវៃឆ្លាតក្នុងខេត្តព្រះសីហនុ។
លោកAOK TAKASHI អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុនមីនេបៀ (ខេមបូឌា) បានបង្ហាញពីសកម្មភាព ការងារបំពាក់អំពូលភ្លើងវៃឆ្លាត នៅលើផ្លូវ៣៤ខ្សែចំនួន ៥ ៣០០អំពូល និងខ្សែផ្លូវលេខ៨៣៥ ចំនួន១៣៦អំពូល ហើយបច្ចុប្បន្នអំពូលវៃឆ្លាតមួយចំនួនបានដាក់ឱ្យប្រើប្រាស់ និងមួយចំនួនទៀតរង់ចាំភ្លើងចូលដល់។
ជាមួយគ្នានេះក្រុមហ៊ុន ក៏បានពិនិត្យកិច្ចព្រមព្រៀង លើការដាក់ឱ្យដំណើរការ និងថែទាំទាក់ទងនឹងសេវា ទីក្រុងវៃឆ្លាតក្នុងខេត្តព្រះសីហនុ ខណៈដែលសកម្មភាពរបស់ក្រុមហ៊ុនកាលពិពេលកន្លងមកនេះ បានបំពាក់អំពូលវៃឆ្លាតក្នុងប្រទេសកម្ពុជា បានចំនួន១៤ ០០០អំពូលរួចទៅហើយនោះ៕