ក្រុងព្រះសីហនុនឹងសាងសង់ផ្លូវមួយខ្សែទៀតតភ្ជាប់ឆ្នេរសុខា និងឆ្នេរអូរឈើទាល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៣៤ខ្សែនៅទូទាំងក្រុងព្រះសីហនុ ដែលសម្រេចបានស្ទើរតែ១០០ភាគរយទៅហើយ ពេលនេះរដ្ឋបាលខេត្តបានបង្ហាញពីគម្រោងសាងសង់ផ្លូវថ្មីចំនួនមួួយខ្សែទៀតតភ្ជាប់ពីឆ្នេរសុខាមកកាន់ឆ្នេរអូរឈើទាល់ដើម្បីបង្កើនភាពទាក់ទាញ និងកាន់តែងាយស្រួលក្នុងដំណើរទេសចរណ៍នៅតំបន់ឆ្នេរ។

តាមរយៈមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំគម្រោងសាងសង់ផ្លូវថ្មីចំនួនមួយខ្សែទៀតដោយធ្វើការតភ្ជាប់ពីឆ្នេរសុខាទៅកាន់ឆ្នេរអូរឈើទាល់ ឆ្លងកាត់តំបន់ពយតាមួយនៃតំបន់កន្ទុយនាគ ដែលមានសរុប១០៣៤ម៉ែត្រ ហើយទទឹងមានទំហំ ១០.២៥ម៉ែត្រ។

ជាមួយនឹងគម្រោងនៃការសាងសង់ផ្លូវថ្មីចំនួនមួយខ្សែនេះវានឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលក្រៅពីបង្កើនសោភ័ណភាពនៅក្នុងក្រុងដែលជាតំបន់ទេសចរណ៍ឆ្នេរលំដាប់ខ្ពស់ប្រចាំប្រទេស ដែមទាំងបានបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងផ្លូវពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ទៀតនោះទេ ពោលគឺអាចធ្វើដំណើរតភ្ជាប់រវាងឆ្នេរទាំងពីរស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែម្ដង។

យ៉ាងណាក៏ដោយប្រភពដដែលមិនបានបង្ហើបពីខ្ទង់ថវិកាចំណាយលើការសាងសង់នៅឡើយ ហើយក៏មិនទាន់កំណត់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់ប្រាកដនោះដែរ គ្រាន់បញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលប្លង់នៃផែនការមេត្រូវបានបញ្ចប់ការសិក្សា និងកំណត់រួចរាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here