ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អ្នកជំនាញអះអាងថា ការអភិវឌ្ឍទីក្រុងរណបគឺរឿងចាំបាច់មួយដើម្បីឆ្លើយតបនឹងតម្រូវការ និងកំណើនប្រជាជន ខណៈអ្នករកទទួលទានក្នុងវិស័យអចលនទ្រព្យអាចទាញយកប្រយោជន៍បានច្រើនពីគម្រោងអភិវឌ្ឍន៍ក្រុងរណបនានា។
លោកឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានប្រាប់គេហទំព័រ Propertyarea.asia កាលចុងសប្តាហ៍កន្លងមកនេះថា ការអភិវឌ្ឍទីក្រុងរណបគឺជាការអភិវឌ្ឍមួយចាំបាច់ ដោយសារនៅពេលមួយមានការអភិវឌ្ឍឆ្អែត ហើយចំនួនប្រជាជនកើនឡើងច្រើននៅកណ្តាលក្រុង វាទាមទារឱ្យមានការអភិវឌ្ឍន៍បែបនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។
លោកបានបន្តថា ចំនួនប្រជាជនកើនឡើងច្រើន ធ្វើឱ្យតំបន់នៅកណ្តាលក្រុងមានភាពចង្អៀត ដូច្នេះការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបគឺត្រូវការជាចាំបាច់ ហើយវាក៏ជាឱកាសសម្រាប់អ្នកវិនិយោគទីក្រុងរណបដើម្បីរកប្រាក់ចំណេញ។
លោកបញ្ជាក់ថា “តំបន់ណាមានការអភិវឌ្ឍ ប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ ដូចជាការជួយដល់អាជីវកម្មរបស់ពួកគាត់បង្កើតកំលាំងការងារ និងការរៀបហេដ្ឋរចនាសម្ព័ន្ធបានល្អ ហើយមួយវិញទៀតធ្វើឱ្យដីតំបន់នោះ មានការឡើងថ្លៃ”។
លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះនឹងមានតម្រូវការទីផ្សារខ្ពស់។
លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។ លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។
លោកបានថ្លែងទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការសាងសង់អាគារខ្ពស់ៗ បានកើតឡើងច្រើន ហើយទោះបីជាមានវិបត្តិកូវីដ១៩ ការសាងសង់អាគារខ្ពស់ៗ នៅតែកើតឡើង ប៉ុន្តែមិនច្រើនដូចមុនសម័យកូវីដនោះទេ៕