រដ្ឋាភិបាលបន្តពិភាក្សាផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបានបន្តពិភាក្សាផែនទីច្ងូលបង្ហាញផ្លូវ និងផែនការស្តារលើកស្ទួយនិងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា និងខេត្តសៀមរាបសម្រាប់ឆ្នាំ២០២១ ២០៣៥ខាងមុខនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិ ការជាតិអភិវឌ្ឍន៍ទេសចរណ៍បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីត្រួតពិនិត្យនិងសម្រេចលើសេចក្តីព្រាង(១).ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបិត្តជំងឺឆ្លងកូវីដ-១៩ និង(២).ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប២០២១-២០៣៥។

សេចក្តីព្រាងផែនទីចង្អុលផ្លូវ(Roadmap)ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញនៅ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ផែនការនេះមានរយៈពេល៥ឆ្នាំដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរ អន្តរជាតិ ឱ្យបាន៧លាននាក់នៅក្នុងឆ្នាំ២០២៥។ ក្រសួងទេសចរណ៍កម្ពុជានឹងធ្វើឱ្យប្រសើរឡើងវិញពីការចូលរួមរបស់វិស័យ ទេសចរណ៍ទៅក្នុងសេដ្ឋកិច្ច និងសង្គម។

វិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង និងជាមាសបៃតងដែលបានរួម ចំណែកសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាប្រមាណ១៣%។ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យមួយនេះដាំក្បាលចុះ ហើយកម្ពុជាបានខាតបង់ចំណូលប្រមាណជាង៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍នៅពេលនេះនឹងចង្អុលបង្ហាញនូវផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ដោយចាប់ផ្តើមអនុវត្តពីឥឡូវនេះសម្រាប់ទីផ្សារទេសចរណ៍ ដែលមានសក្តានុពល និងទីផ្សារទេសចរណ៍សមស្របណាមួយនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។ ប៉ុន្តែ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍បានដាក់ចេញនូវវិធានគោលនយោបាយអន្តរាគមន៍ក្នុងរយៈពេលខ្លី មធ្យម និងវែងជា៣ដំណាក់កាល។

ដំណាក់កាលទី១. (Resilient & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី(New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ(ឆមាសទី២ ឆ្នាំ២០២០ ដល់ឆមាសទី១ ឆ្នាំ២០២១) ទី២. ដំណាក់កាល(Recovery) ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍(ឆមាសទី២ឆ្នាំ២០២១-២០២២) និង ទី៣ ដំណាក់កាល(Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា(២០២៣-២០២៥)។

ក្រសួងទេសចរណ៍បានបន្តថា ក្នុងដំណាក់កាលនីមួយៗមានការដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តដោយអនុលោមទៅតាមសសរស្តម្ភ៤ គឺ បេតិក ភណ្ឌវប្បធម៌ ទេសចរណ៍ តំបន់ឆ្នេរ អេកូទេសចរណ៍ និង ភាពជាប្រជាជនខ្មែររួមទាំងគោលដៅយុទ្ធសាស្ត្រចំនួន៣ គឺសេដ្ឋកិច្ច និងការងារក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយ និងការជំរុញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ និងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍។ សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះនឹងបញ្ចូលនូវសកម្មភាពយុទ្ធសាស្ត្រចំនួន៤៨ និងគម្រោងអភិវឌ្ឍគំរូធំៗសរុបចំនួន១៦ដែល សេចក្តីព្រាងនេះគ្រោងនឹងដាក់ឆ្លងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខនេះ។

ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ មានរយៈពេល១៥ឆ្នាំដើម្បីអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យក្លាយទៅជា«មាសបៃតង»ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here