ប្រទេសឡាវគ្រោងសាងសង់រោងចក្រអគ្គិសនីខ្នាតយក្សចំនួន២ឆាប់ៗនេះដើម្បីលក់អគ្គិសនីមកឱ្យកម្ពុជា

0

ដោយៈ សុខុម

វៀងចន្ទន៍: មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងថា ការសាងសង់រោ​ងចក្រអគ្គិសនីខ្នាតយក្សចំនួន២ ដែលដើរដោយថាមពលធ្យូងថ្ម នឹងចាប់ផ្ដើមដំណើរការត្រឹមដំណាច់ឆ្នាំនេះ នៅក្នុងខេត្តសេកុង (Xekong)ប្រទេសឡាវ។ នេះបើយោងតាមសារព័ត៌មាន The Star ចុះផ្សាយកាលពីថ្ងៃទី៥ កុម្ភៈ។

ក្រុមមន្ត្រីឡាវបាននិយាយថា ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ រោងចក្រទាំង ២ នេះនឹងចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនី មកឱ្យប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ដោយផ្អែកតាមកិច្ចព្រមព្រៀងមួយ ចុះហត្ថលេខារវាងក្រុមហ៊ុនអភិវឌ្ឍន៍ និងរដ្ឋាភិបាលឡាវ។

រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពលឡាវ លោកDaovong Phonekeoបានប្រកា​សថា គម្រោងរោងចក្រអគ្គិសនីទី១ ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ១.៨០០ មេហ្គាវ៉ាត់ នឹងត្រូវសាងសង់នៅក្នុងស្រុកKaleum ដោយក្រុមហ៊ុនថៃPhonesack Group Company Limited។

លោកបានថ្លែងថា “ក្រុមហ៊ុននឹងបោះទុនវិនិយោគប្រមាណពី៣ ទៅ៤ពាន់លានដុល្លាអាមេរិក លើរោងចក្រអគ្គិសនីនេះ រួមទាំងការសាងសង់បណ្ដាញបញ្ជូនថាមពលអគ្គិសនីដើម្បីបញ្ជូនអគ្គិសនីទៅកាន់ប្រទេសកម្ពុជាផងដែរ”។ លោកបន្ថែមថា “បណ្ដាញបញ្ជូនអគ្គិសនីនេះ នឹងមានប្រវែង២០០គីឡូម៉ែត្រ”។

រោងចក្រអគ្គិសនីទី២ ដែលមានសមត្ថភាពផលិតអគ្គិសនី បានរហូតដល់៧០០មេហ្គាវ៉ាត់ នឹងត្រូវសាងសង់ក្រុងស្រុកLamam ដោយក្រុមហ៊ុនចិន មួយដែលមានគម្រោងបោះទុនវិនិយោគជាង១ពាន់លានដុល្លារអាមេរិក លើគម្រោងនេះ។

លោក Daovong Phonekeo បានលើកឡើងថា ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចិន ត្រូវផ្គត់ផ្គង់អគ្គិសនីចំនួន៦០០មេហ្គាវ៉ាត់ មកដល់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ក្រុមហ៊ុនចង់ធានានិរន្តរភាព នៃការផ្គត់ផ្គង់អគ្គិសនីដល់អ្នកទិញ ដូច្នេះហើយក៏សម្រេចចិត្តបង្កើនសមត្ថភាពផលិតដល់៧០០មេហ្គាវ៉ាត់។

ក្រុមហ៊ុនចិន នឹងមិនសាងសង់បណ្ដាញបញ្ជូនអគ្គិសនីនេះ ដោយខ្លួនឯងទេ ប៉ុន្តែនឹងចាប់ដៃគូ សហការជាមួយអគ្គិសនីឡាវ (EDL) នៅក្នុងការផ្គត់ផ្គង់អគ្គិសនីមកដល់ប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់ថា “ប្រទេសកម្ពុជា នឹងទិញអគ្គិសនីពីរោងចក្ររបស់យើងក្នុងតម្លៃ៧,៣សេនដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)”។

ប្រទេសឡាវ មានបំណងបង្កើនការផ្គត់ផ្គង់អគ្គិស នីមកឱ្យប្រទេសកម្ពុជា ព្រោះបណ្ដាញបញ្ជូនអគ្គិសនី ដែលមានស្រាប់មានសមត្ថភាព អាចបញ្ជូនអគ្គិសនីបានបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here