ដោយ:គង់ សូរិយា
ភ្នំពេញៈ ការស្ថាបនានិងកែលំអរឡើងវិញផ្លូវជាតិលេខ៤ បាននិងកំពុងដំណើរការយ៉ាងសកម្ម ខណៈគំរោងកែលំអរផ្លូវនេះគ្រោងចំណាយទឹកប្រាក់១០០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឈនភាពនៃការសាងសង់ផ្លូវនេះ កាលពីចុងសប្តាហ៍មុន ដើម្បីធ្វើឲ្យប្រាកដថាផ្លូវនេះសាងសង់បានតាមផែនការ និងប្រកបដោយគុណភាព។
ធនាគារពិភពលោកជាអ្នកផ្តល់ហិរញ្ញប្បទាន សម្រាប់ការកែលំអរនិងលើកកំពស់ផ្លូវនេះឲ្យបានល្អ ដោយសារតំបន់មួយចំនួនតែងតែលិចទឹក នៅរដូវវស្សាឬរដូវទឹកជំនន់ ដែលរំខានដល់ការធ្វើដំណើរ ពិសេសមានបញ្ហាលើការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ទៅកាន់កំពង់ផែក្រុងព្រះសីហនុ។
រដ្ឋាភិបាលនឹងលើកកំពស់តំបន់ខ្លះលើផ្លូវនេះ ដើម្បីបញ្ចប់លការជន់លិចនៅរដូវវស្សា។ ជាមួយគ្នានេះ រដ្ឋាភិបាលបានចាត់ទុកផែនការស្ថាបនា កែលំអរ និងពង្រីកផ្លូវជាអាទិភាព ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងជម្រុញកំនើនសេដ្ឋកិច្ចជាតិ។
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួង បាននិងកំពុងផ្តោតសំខាន់លើការអនុវត្ត ផែនការនៃការស្ដារ និងកសាងស្ពាន ផ្លូវដែក និងផ្លូវថ្នល់សំខាន់ដែលបម្រើ ដល់វិស័យដឹកជញ្ជូន ដែលក្នុងនោះរួមមាន ដូចជា ការពង្រីកផ្លូវជាតិលេខ៥ ពីភ្នំពេញ ប៉ោយប៉ែត ការពន្លឿនសកម្មភាពសាងសងផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាស្ដារផ្លូវជាតិលេខ៣ ការស្ថាបនាផ្លូវជាតិលេខ៤៨ រួមជាមួយនឹងផ្លូវជាតិផ្សេងៗទៀត ដែលសុទ្ធតែជាផ្លូវសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូន។
លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានមានប្រសាសន៍បន្តទៀតថា រដ្ឋាភិបាលបានបង្ហូរថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់ទាំងថវិកាជាតិ និងថវិកាហិរញ្ញប្បទានពីបណ្តាប្រទេសជាមិត្ត ក្នុងការស្ដារ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ដល់វិស័យដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ។
លោកបានបន្តទៀតថា “ហេដ្ឋារចនាសម្ព័ន្ធទាំងអស់រួមមានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវដែក រួមទាំងផ្លូវល្បឿនលឿន គឺសុទ្ធតែអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មជាមួយបណ្តាប្រទេសនានាក្នុងតំបន់”។លោកបន្តថា “វាក៏ជាវិភាគទានមួយដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ តាមរយៈការទាក់ទាញបណ្តាវិនិយោគិនអន្តរជាតិឱ្យចូលមកកាន់កម្ពុជា”៕