ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានសម្រេចប្រកាសពីការកែសម្រួលដែនរដ្ឋបាលពីខេត្តកណ្តាល មកស្ថិតក្រោមការគ្រប់គ្រងរបស់រាជធានីភ្នំពេញ និងដែនដីមួយចំនួននៃរាជធានីភ្នំពេញ ដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងតាខ្មៅ ខេត្តកណ្តាល។
អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវ រវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១១០៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋស្ដីទី បានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយកាត់យកភូមិចំនួន៥ គឺភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី ភូមិព្រែកតាឡុង នៃសង្កាត់តាក្ដុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ៣០២ហិកតា និង៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល មកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កាត់យកផ្ទៃដីទំហំ២ហិកតា និង៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកប្រាក់ សំអឿន អគ្គនាយករដ្ឋបាលបានលើកឡើងថា ក្រសួងមហាផ្ទៃបានប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយកន្លងមក រាជធានីភ្នំពេញ បានស្នើឲ្យមានការកែសម្រួលព្រំប្រទល់នេះ ហើយរាជធានីភ្នំពេ ញក៏បានស្នើមកក្រសួងមហាផ្ទៃ បន្ទាប់មកក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារត្រួតពិនិត្យលើកិច្ចការងារនេះ និងដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ហើយក្នុងខែតុលា ឆ្នាំ២០២០កន្លងមក ប្រមុខរដ្ឋស្ដីពីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យស្ដីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនេះ។
លោកបានបន្ថែមថា “ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីឲ្យការអភិវឌ្ឍតំបន់នេះ ប្រកបដោយសោភណ្ឌភាព និងរបៀបរៀបរយ”។ លោកបន្តថា “ក្រោយពីមានការផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌនេះ គឺមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកទទួលសេវាកម្ម ហើយការផ្ដល់សេវាកម្មទៅកាន់ប្រជាពលរដ្ឋ គឺជាចំណុចគន្លឹះដែលរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានរលូន និងស្របតាមគោលការណ៍កំណត់”៕