ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងរយៈពេលជិត១ឆ្នាំ ដែលកើតមានវិបត្តិសេដ្ឋកិច្ច ជាសាកលដោយសារតែការរីករាលដាលនៃជំងឺ១៩ ដែលប៉ះពាល់ដល់ប្រតិបត្តិការអាកាសចរណ៍គ្រប់ប្រទេសនោះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា នៅមិនទាន់មានក្រុមហ៊ុនណាមួយប្រកាសពីការដួលរលំ ឬក្ស័យទុននៅឡើយនោះទេ។
លោកស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃដើមសប្ដាហ៍នេះថា នៅក្នុងអំឡុងប្រឈមនឹងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានធ្វើកិច្ចអន្ដរាគមន៍ដល់ក្រុមហ៊ុន ដែលប្រកបរបរលើវិស័យអាកាសចរណ៍ បើទោះជាការអន្ដរាគមន៍នេះនៅមានកម្រិតកដោយ។
លោកបន្តថា “យើងមិនទាន់ឃើញមានក្រុមហ៊ុនអាកាសចរណ៍មួយណា ប្រកាសពីការក្ស័យធនរបស់ខ្លួនឡើយ ពោលគឺមានតែវិធីសាស្ត្រកាត់បន្ថយបុគ្គលិក កាត់បន្ថយប្រាក់ខែបុគ្គលិក ដើម្បីសម្រាលការលំបាករបស់ខ្លួន” ។ លោកបានបន្តថា “មើលពីស្ថានភាពជាក់ស្ដែងកម្រិតម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា នៅមានកម្រិតនៅឡើយ ដូច្នេះប្រសិនបើ រដ្ឋាភិបាលផ្តល់ទំនុកបម្រុងលើវិស័យឯកជនទាំងអស់ កម្ពុជានឹងប្រឈមការខ្វះខាត និងជួបបញ្ហាជាច្រើន” ។
លោកបន្តថា ថ្វីត្បិតបែបនេះក៏ពិតមែន ប៉ុន្ដែរាជដ្ឋាភិបាលកម្ពុជា មិនលែងដៃនោះទេ ដោយបានផ្ដល់អន្ដរាគមន៍មួយចំនួន ដែលអាចឱ្យក្រុមហ៊ុនឯកជនទាំងអស់ទទួលយកបាន។
លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ទៀតថា យើងដឹងហើយថាក្នុងវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាលបានផ្ដល់កិច្ចអន្តរាគមន៍ ចំពោះក្រុមហ៊ុនដែលទទួលរង ផលប៉ះពាល់នៅក្នុងវិស័យអាកាសចរណ៍នេះ ប៉ុន្តែសម្រាប់ការអន្តរាគមន៍នេះ គឺនៅមានកម្រិតនៅឡើយ ដោយសារប្រទេសយើងនៅមានកម្រិត។ ជាទូទៅយើងមិនទាន់ឃើញមានក្រុមហ៊ុនណាប្រកាសក្ស័យធននៅឡើយ ប៉ុន្តែយើងឃើញមានការលំបាករបស់ក្រុមហ៊ុន ដូចជាកាត់បន្ថយបុគ្គលិក កាត់បន្ថយប្រាក់ខែ មានបំណុលច្រើនជាមួយអ្នកផ្ដល់សេវាគាំទ្រផ្សេងៗជាមួយគាត់ ប៉ុន្តែមិនទាន់ក្ស័យធន និងកំពុងមានការលំបាកក្នុងការធ្វើអាជីវកម្ម។
តាមតួលេខរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា អ្នកដំណើរឆ្លងកាត់ តាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់កម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅ សរុបមានចំនួន២លាន១សែននាក់ ធ្លាក់ចុះ៧៩ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ១,៣លាននាក់ ធ្លាក់ចុះ៧៦ភាគរយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចំនួន ៦១៨,៦៦៣នាក់ ធ្លាក់ចុះ៨៣ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានអ្នកដំណើរចំនួន២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣ភាគរយ៕