ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាផ្លូវការនៅចុងត្រីមាសទី៣ឆ្នាំ២០២២

0

ដោយ: លក្ខិណា
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ សម្រេចបានការសាងសង់ប្រមាណ៣១,១៩ភាគរយហើយ និងគ្រោងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

នេះបើតាមលោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី តែការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុមិនមានការកែប្រែទេ ពោលការសាងសង់នៅតែដំណើរដដែល ព្រោះថវិកាដែលសាងសង់គម្រោងនេះជាគម្រោងរបស់ចិន ហើយក៏បានអនុម័តរួចរាល់ដែរ វាមិនប៉ះពាល់ដល់ការងារសម្រាប់សាងសង់នោះឡើយ។បើតាមលោកវ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាននិយាយផងដែរថា ការសម្រេចបានភាគរយតិចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែបាតគ្រឹះត្រូវប្រើពេលយូរ ហើយត្រូវដោះស្រាយផលប៉ះពាល់ផងដែរ។

លោកថា ៖«សំណង់គ្រប់ប្រភេទគឺយឺតយូរនៅពេលដំបូង ដោយសារតែត្រូវការចាក់គ្រឹះឱ្យរឹងមាំ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុនេះជាដើម ក៏ត្រូវការធ្វើបាតគ្រឹះធ្វើស្ពានឆ្លងកាត់ជ្រោះ ឆ្លងកាត់ផ្លូវជាដើម ដូច្នេះហើយទើបត្រូវប្រើពេលយូរបន្តិច។ នៅពេលសាងសង់គ្រឹះរួចរាល់ការងារបន្តគឺលឿនទេ ដូច្នេះហើយវានឹងអាចបញ្ចប់ទៅតាមការគ្រោងទុកតាំងពីដើមមក»។
លោកបន្តថា ក្នុងឆ្នាំ២០២០ វាមិនមានអ្វីដែលប៉ះពាល់ដល់ការអភិវឌ្ឍផ្លូវល្បឿនលឿននោះទេ តែក៏មានការរាំងស្ទះបន្តិចសម្រាប់កម្មករដែលមកពីចិន ដោយតម្រូវឱ្យធ្វើចត្តាឡីស័កមួយរយៈ តែមិនមានផ្អាកដំណើរការ ការដ្ឋានសំណង់ទាំងស្រុងនោះឡើយ ។

អ្នកជញ្ជូនទំនិញកម្ពុជា លោស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា នៅពេលផ្លូវល្បឿនលឿនសាងសង់រួច នឹងធ្វើឱ្យក្រុមអ្នកដឹកជញ្ជូនទទួលបានផលចំណេញជាច្រើន ដូចជាចំណេញពេលវេលា ចំណេញក្នុងការចំណាយទៅលើប្រេងសម្រាប់ដឹកមួយជើងៗជាដើម ព្រោះថាផ្លូវបច្ចុប្បន្ននេះមានការកកស្ទះចរាចរណ៍ផង និងឆ្ងាយផង ដូច្នេះត្រូវប្រើពេលយូរដើម្បីដឹកមកដល់គោលដៅ។ លោកថា ៖«នៅពេលផ្លូវនេះធ្វើហើយ ហើយតម្រូវឱ្យបង់កម្រៃសេវាក៏អ្នកដឹកជញ្ជូនព្រមបង់ជូនដែរ ព្រោះធ្វើឱ្យពួកគេចំណេញពេលវេលាបានច្រើនជាងមុន និងអាចសន្សំលើការចំណាយផ្សេងទៀតផងដែរ » ៕

LEAVE A REPLY

Please enter your comment!
Please enter your name here