ដោយស៊ីវ ម៉េង
ភ្នំពេញ ការសិក្សាមួយដែលធ្វើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយកាលពីពេលកន្លងមកបានឲ្យដឹងថា បើគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។ កំណើនប្រជាសាស្ត្រនេះ នឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើន រហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥ម៉ឺនខ្នង។
ការសិក្សានេះផ្អែកទៅលើមូលដ្ឋាននៃការរីកចម្រើនលើកត្តាប្រជាសាស្ត្រ ការរីកចម្រើននៃកត្តានគរូបនីយកម្ម និងកំនើនជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសវាចានិន្នាការថ្មី របស់កម្ពុជា ក៏ដូចជាពិភពលោក ដែលប្រជាជននៅទីជនបទនឹងរត់ចូលមកកាន់ទីក្រុង ទីប្រជុំជនកាន់តែច្រើន ដើម្បីទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងត្រៀមរៀបចំ តំបន់ទីប្រជុំជននៅតាមបណ្តាស្រុក ឃុំធំៗ ដែលមានការរីកចម្រើនឲ្យក្លាយជារដ្ឋបាលក្រុង ឬជាទីក្រុង ដែលការរៀបចំរចនាសម្ព័ន្ឋបែបនេះ នឹងជួយដល់ការអភិវឌ្ឈន៍ តាមមូលដ្ឋានទាំងនោះកាន់តែលឿន និងទាក់ទាញការវិនិយោគកាន់តែច្រើនពីវិស័យឯកជន។
សម្តេចបន្តថា “ការរៀបចំបែបនេះ ដើម្បីពង្រីកការរីកចម្រើននៅមូលដ្ឋានផង និងជំរុញការរីកចម្រើនសេដ្ឋកិច្ចសង្គមផង” ។
ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ការរៀបចំរចនាសម្ព័ន្ឋទីក្រុងតូចៗ ដែលមានឋានៈស្មើនឹងស្រុកបែបនេះ កំពុងវិវត្តន៍ដល់កម្រិតណាមិនទាន់មានការបញ្ជាក់ជាថ្មីទេ។
យ៉ាងណាក៏ដោយអ្នកជំនាញបានមើលឃើញថា ប្រជាជនកម្ពុជាមិនទាន់មានការយល់ដឹង និងការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយបែងចែកប្លុកឲ្យបានច្បាស់លាស់ មិនទាន់បានគិតគូរនៅឡើយទេ។
អ្នកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ មិនមានចំនួនច្រើននោះទេ គឺមួយគីឡូម៉ែត្រ មានតង់ស៊ីតេត្រឹមជាង២០០០នាក់ ប៉ុន្តែបញ្ហាកកស្ទះចរាចរណ៍មានការកើនឡើងខ្ពស់ ខុសពីបណ្តាប្រទេសក្នុងតំបន់ដូចជាទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហូជីម៉ិញប្រទេសវៀតណាម ដែលមានប្រជាជនរស់នៅចន្លោះ៤០០០ ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែបញ្ហាចរាចរណ៍ហាក់មិនអាក្រក់ណាស់ណានោះទេ។
អ្នកនាងបន្តថា “រដ្ឋាភិបាលគួរចាត់វិធានការណ៍ ទៅលើបញ្ហាសណ្តាប់ធ្នាប់ចរាចរ ណ៍ តាមរយៈការដាក់ចេញវិធានការណ៍អប់រំ និងជំរុញឲ្យអ្នកបើកបរគោរពច្បាប់ តាមរយៈការធ្វើយ៉ាងណាឲ្យពួកគេយល់ដឹងពីច្បាប់” ៕