ដោយៈសុខុម
ក្រុងឡុងដ៍: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹងចូលរួមកិច្ចប្រជុំជាលើកដំបូងរបស់លោកជាមួយមេដឹកនាំ នៃប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង ៧ (G7) នៅថ្ងៃសុក្រ ទី១៩ កុម្ភៈ នេះដើម្បីពិភាក្សាអំពីផែនការកម្ចាត់វីរុសកូវីដ-១៩ ការបើកទ្វារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការទប់ទល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយមហាយក្សចិន។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែលឱ្យដឹងថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដ៏កាចសាហាវបានឆក់យកអាយុជីវិតមនុស្ស អស់រហូតដល់ទៅ២,៤លាននាក់ទូទាំងពិភពលោក និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដាំក្បាលចុះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច (Great Depression) អំឡុងទសវត្សរ៍ឆ្នាំ១៩៣០មក និងបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់មនុស្សរាប់ពាន់លាននាក់។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ កុម្ភៈថា លោកចូ បៃឌិន នឹងផ្តោតជាសំខាន់លើការឆ្លើយតបជាសកល ចំពោះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រួមមានទាំងការផលិត និងការចែកចាយវ៉ាក់សាំង និងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺថ្មីៗផងដែរ។
អ្នកនាំដដែលបានបន្តថា លោកចូ បៃឌិន ក៏នឹងពិភាក្សាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមមានទាំងសារៈសំខាន់ នៃប្រទេសឧស្សាហកម្មទាំងអស់ ការបន្តគាំទ្រផ្នែកសេដ្ឋកិច្ច ដើម្បីឈានទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច និងសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពតួនាទីជាសកល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ផ្នែកសេដ្ឋកិច្ចដូចជាបញ្ហាប្រឈម ដែលបង្កឡើងដោយមហាយក្សចិនផងដែរ។
កិច្ចប្រជុំតាមរយៈ Video Call ជាមួយមេដឹកនាំនៃក្រុមប្រទេសG7 នៅថ្ងៃសុក្រនេះគឺជាឱកាសដ៏ល្អមួយសម្រាប់លោក ចូ បៃឌិន ដែលបានឡើងកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ មករា បញ្ជូនសារបញ្ជាក់ពីការចូលរួមសហប្រតិបត្តិការឡើងវិញ របស់សហរដ្ឋអាមេរិក ជាមួយពិភពលោក និងស្ថាប័ននានាទូទាំងពិភពលោក បន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយ “អាមេរិក ជាអាទិភាព ” (America First) អស់រយៈពេល៤ឆ្នាំ។
យោងតាមសារព័ត៌មានដដែលឱ្យដឹងថា ក្រៅពីលោកចូ បៃឌិន លោកMario Draghi ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអ៊ីតាលី ក៏នឹងមានវត្តមានចូលរួមកិច្ចប្រជុំនេះដែរ៕