ដោយ:គង់ ម៉ាលីន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា “សេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” មានគោលដៅកសាងសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជារសរវើក។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលស្ដីពី“សេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥” ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកនេះ។
សេចក្តីប្រកាសព៌តមានពីកិច្ចប្រជុំនេះបានឲ្យដឹងថា ស្របតាមស្មារតីចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ ២០៣៥ ដែលជាការគិតគូប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ ក្នុងការធ្វើបដិវត្តកម្មឌីជីថល។
សេចក្តីប្រកាសព៌តមានបានបន្តថា ក្របខ័ណ្ឌគោលនយោបាយនេះ ក៏ត្រូវបានរៀបចំឡើង ដោយមានការឆ្លើយតបខ្ពស់ទៅនឹងនិន្នាការសាកល នៃបដិវត្តន៍ឧស្សាហកម្ម4.0 ក៏ដូចជាបដិវត្តន៍ឌីជីថល ដែលបាននិងកំពុងធ្វើឲ្យនិម្មាបនកម្មសាកលលោក និងតំបន់ មានការវិវត្តន៍ឲតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ ដែលចាប់តាំងពីឆ្នាំ២០២០មក បទពិសោធន៍និងមេរៀននៃវិបត្តិជំងឺកូវីដ១៩ បានបង្ហាញពីសក្តានុពលកាន់តែសំខាន់ នៃបដិវត្តន៍កម្មឌីជីថល ក្នុងការជំរុញការអភិវឌ្ឍ និងកំនើនសេដ្ឋកិច្ច។
ក្របខ័ណ្ឌគោលនយោបាយនេះ កំណត់នូវចក្ខុវិស័យក្នុងការ “កសាងសេដ្ឋកិច្ច សង្គមឌីជីថល រសរវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ក្នុងការទទួលយកនិងបដិវត្តន៍កម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋ ទាំងប្រជាជន និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំនើនសេដ្ឋកិច្ចថ្មី និងលើកកំពស់សុខមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ដោយ
ផ្តោតលើអាទិភាព៥ធំៗៗរួមមាន ទី១ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋឌីធីថល ទី២ ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ឋឌីជីថល ទី៣ ការកសាងពលរដ្ឋឌីជីថល ទី៤ ការកសាងរដ្ឋាភិបាលឌីជីថល និងទី៥ ការជម្រុញធុរកិច្ចឌីជីថល៕