ដោយៈលក្ខិណា
ភ្នំពេញៈ ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានអ្នកកំពុងធ្វើជំនួញ ក្នុងវិស័យនេះកាន់តែច្រើនឡើងៗ ហើយក៏មានអ្នកទទួលបានជោគជ័យជាច្រើនផងដែរ ហើយក៏មានអ្នកជំនួញថ្មីៗបន្តបន្ទាប់ ចាប់ផ្ដើមធ្វើជំនួញក្នុងវិស័យអចលនទ្រព្យនេះដែរ។
ប៉ុន្តែការប្រឡូកក្នុងវិស័យនេះ មិនប្រាកដជោគជ័យគ្រប់គ្នានោះទេ ដូច្នេះមុនចេញធ្វើជំនួញវិស័យអចលនទ្រព្យគួរមានចំណេះដឹងអ្វីខ្លះ?។
យោងសារគេហទំព័រហិរញ្ញវត្ថុបានឱ្យដឹងថា មុនចេញនឹងរកស៊ីលើវិស័យអចលនទ្រព្យ អ្នកគួរតែយល់ដឹងនូវចំណុចមួយចំនួនសិនដូចជា
១ ចំណេះដឹងទីផ្សារក្នុងវិស័យអចលនទ្រព្យ
ចំណេះដឹងទីផ្សារ ក្នុងវិស័យអចលនទ្រព្យភាពខុសប្លែក ពីទីផ្សារផលិតកម្ម សេវាកម្ម ក្នុងវិស័យផ្សេងទៀត។ ចំណេះដឹងទីផ្សារអចលនទ្រព្យ គឺសំដៅលើការចេះជ្រើសរើសទីតាំងរបៀបរង្វាយតម្លៃអចលនទ្រព្យ និងគោលដៅនៃការបញ្ចុះទុន។ ការជ្រើសរើសទីតាំងពិតជាមានសារសំខាន់ខ្លាំង ព្រោះទាំងការទិញ ទុកជួល ឬលក់បើសិនជាគ្មានតម្រូវការនឹងត្រូវកប់ដើម។
របៀបរង្វាយតម្លៃអចលនទ្រព្យ ក៏ត្រូវមានបច្ចេកទេសខ្ពស់ បទពិសោធន៍ និងជំនាញ ។ អ្នកត្រូវដឹងពីតម្រូវការទីផ្សារ ស្ថានភាពសេដ្ឋកិច្ច កត្តារុញច្រើនឱ្យមានតម្រូវការនិងហាងឆេង ទើបការរង្វាយតម្លៃនោះមានប្រសិទ្ធភាព។
ចំណែកគោលដៅនៃការដាក់ទុនៈ មុននឹងសម្រេចចិត្តរកស៊ី ក្នុងវិស័យនេះ សាម៉ីខ្លួន ត្រូវដឹងថាខ្លួនចង់ធ្វើអ្វី ជាឈ្មួញកណ្ដាលជាភ្នាក់ងារ ឬជាអ្នកវិនិយោគ។
២ ច្បាប់ភូមិបាលនិងនីតិវិធី
មុនចេញរកស៊ី ក៏ត្រូវដឹងពីចំណុចនេះជាមុនសិន ព្រោះបើមិនបានយល់ដឹងពីនីតិវិធីនេះ អ្នករកស៊ីអាចពិបាកក្នុងការសុំសិទ្ធិទំនាក់ទំនង និងអាចជួបប្រទះនឹងវិវាទដីធ្លី ។ ការសុំសិទ្ធិ នឹងអាជ្ញាប័ណ្ណពាក់ព័ន្ធក៏សំខាន់ដែរ ទោះបីជាភ្នាក់ងាររបស់ឈ្មួញកណ្ដាលអចលនទ្រព្យ ក៏ត្រូវសុំអាជ្ញាប័ណ្ណទទួលស្គាល់ពីសមាគមអចលនទ្រព្យងដែរ ។
៣ ការគ្រប់គ្រងលំហូរសាច់ប្រាក់
សម្រាប់វិស័យអចលនទ្រព្យ ការរៀបចំប្រតិបត្តិការហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវពិតសំខាន់ណាស់ ព្រោះអ្នករកស៊ីអចលនទ្រព្យ ត្រូវការសាច់ប្រាក់ច្រើន ក្នុងប្រតិបត្តិការនីមួយៗ។ ដូច្នេះកាលណាអ្នកអាចគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុរបស់ ការរកស៊ីបានល្អនោះវាធ្វើឱ្យអ្នកមានស្ថេរភាពក្នុងវិស័យនេះ។
ការបណ្ដាក់ទុនក្នុងវិស័យ ក្នុងវិស័យអចលនទ្រព្យគឺមានចំនួនច្រើន ដូច្នេះលំហូរសាច់ប្រាក់ ដែលត្រូវទូទាត់កម្ចី ឬការប្រាក់ត្រូវមានតុល្យភាពជាមួយនឹងចំណូល។
៤ ចេះជ្រើសរើសដៃគូសហការ
ការចាប់ដៃគូរសហការពិតជាមានលំបាក ដោយសារគ្រប់គ្នាអាចមើលឃើញភាពខុសគ្នាក្នុងការរកស៊ី ។ មុននឹងចេញរកស៊ីក្នុងវិស័យនេះ ត្រូវស្វែងយល់និងសិក្សាលម្អិត វាមិនអាស្រ័យទៅលើដើមទុនតែមួយនោះទេ ។
យ៉ាងណាចំណុចទាំង៤ខាងលើនេះ គ្រាន់តែជាចំណុចមួយចំនួនជាគ្រឹះសម្រាប់សហគ្រិនមុននឹងចេញធ្វើជំនួញ ក្នុងការវិនិយោគនិងដាក់ទុនក្នុងវិស័យនេះ ។ មានបុគ្គលជោគជ័យជាច្រើនទៀត ក៏បានយកទ្រឹស្តីផ្សេងមកអនុវត្តន៍ សម្រាប់ជំនួញរបស់ខ្លួនផងដែរ៕