ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងរយៈពេលជាង១ខែចុងក្រោយនេះ ពោលគឺចាប់តាំងពីផ្ទុះឡើងនូវព្រឹត្តិការណ៍ទី២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកទិញ-លក់ក្នុងវិស័យអលនទ្រព្យគ្រប់ប្រភេទរាប់ទាំងទីផ្សារលំនៅឋាន ដីឡូតិ៍ និងខុនដូផងដែរ ដោយសារតែមនុស្សភាគច្រើន បានផ្អាកសកម្មភាពចេញដើរក្រៅខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
អគ្គនាយកក្រុមហ៊ុនCentury 21 Advance លោកឡុង គឹមសួគ៌ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា បន្ទាប់ចាប់ផ្តើមផ្ទុះឡើងនូវព្រឹត្តិការ២០កុម្ភៈរហូតមកដល់ពេលនេះ ទីផ្សារអចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជាបានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងការទិញ-លក់ដីធ្លី លំនៅឋានខុនដូផងដែរ។
លោកបានថ្លែងថា “យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ គឺស្ងាត់តែម្តង។ បើនៅតាមផ្សារទំនើបវិញ មានតែអ្នកលក់ ប៉ុន្តែ អ្នកទិញអត់មាន ព្រោះគេខ្លាចឆ្លងជំងឺកូវីដ គេមិនចេញក្រៅទេ”។ លោកបន្តថា “ទីផ្សារអចលនទ្រព្យមិនសកម្មដូចទីផ្សារទិញលក់សម្ភារៈដែលមានតម្រូវការរាល់ថ្ងៃនោះទេ ហើយនៅពេលកើតមានព្រឹត្តិការណ៍ដូច្នេះទៀត កាន់តែស្ងប់ស្ងាត់មែនទែន ហើយសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យកើនឡោះងវិញនៅពេលណា គឺវាអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃការទប់ស្កាត់ជំងឺ”។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍២០ កុម្ភៈ ដែលបាននឹងកំពុងកើតឡើងនាពេលនេះ ជាព្រឹត្តិការណ៍ដ៏លំបាកមួយរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងខ្លាំងជាងព្រឹត្តិការណ៍មុនៗដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្ទើរគ្រប់ប្រភេទ រួមទាំងវិស័យអចលនទ្រព្យផងដែរ។
លោកសំ សុខនឿន បញ្ជាក់ថា “ដោយមើលឃើញពីស្ថានភាពបែបនេះ បានធ្វើឱ្យមនុស្សមិនហ៊ានដើរចេញក្រៅ ក្នុងការប្រកបមុខរបរ ឬការចចារក្នុងទិញលក់ផ្សេងៗ ជាពិសេសលើវិស័យអចលនទ្រព្យ ដែលនៅក្នុងព្រឹត្តិការណ៍នេះ ការទិញលក់មានការធ្លាក់ចុះខ្លាំង បើធៀបជាមួយនឹងព្រឹត្តិការណ៍មុនៗ”។
លោកបន្តថា «នៅក្នុងខែនេះ ការទិញលក់មានការធ្លាក់ចុះខ្លាំង ដោយសារគាត់មិនអាចជួបជុំ ឬពិភាក្សាគ្នាបាន។ពេលនេះខ្ញុំអាចនិយាយបានថា វាប៉ះពាល់ខ្លាំងមែនទែន ហើយប្រសិនបើបញ្ហានៃការរាលដាលនេះ នៅតែអូសបន្លាយយូរទៀត មិនមែនតែវិស័យអចលនទ្រព្យនោះទេដែលប៉ះពាល់ ទីផ្សារក្នុងវិស័យដទៃទៀតក៏ប៉ះពាល់ដូចគ្នា រាប់ទាំងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភាគច្រើនផងដែរ”៕