រដ្ឋាភិបាលសម្រេចផ្តល់នីតិសម្បទានគរបាលយុត្តិធម៌ចំនួន ៣៦១នាក់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសសំណង់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចសំណង់នៃអគ្គនាយដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី និងរូបនីយកម្ម អគ្គនាយកដ្ឋានលំនៅឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចំនួន៣៦១នាក់ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសសំណង់ជាក់ស្ដែង។

យោងតាមសេចក្ដីប្រកាសរបស់អន្តរក្រសួង(ក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់) ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសសំណង់ និងដីធ្លីនៅទូទាំងប្រទេសកម្ពុជា តបតាមការស្នើសុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី តាមរយៈក្រសួងយុត្តិធម៌បានសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីរៀបចំដែននៅទូទាំងប្រទេសសរុប៣៦១នាក់។

លោកជិន ម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា នេះជាយន្តការធម្មតា ព្រោះច្បាប់បានកំណត់ថា អ្នកដែលអាចមានសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានលុះត្រាតែជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះស្ថាប័នជំនាញដែលត្រូបបង្ក្រាបនូវបទល្មើសព្រហ្មទណ្ឌពិសេសនៅក្នុងវិស័យរបស់ខ្លួនត្រូវសុំនីតិសម្បទាជានគរបាលយុត្តិធម៌ពីសំណាក់ក្រសួងយុត្តិធម៌។

លោកបានបញ្ជាក់ថា “ក្រសួងយុត្តិធម៌បានផ្តល់ជូននូវមន្ត្រីតាមអង្គភាពជំនាញមួយចំនួនដែលត្រូវមានសមត្ថកិច្ចត្រូវទប់ស្កាត់ បង្ក្រាប់បទល្មើសព្រហ្មទណ្ឌពិសេសក្នុងវិស័យរបស់ខ្លួន។ ដោយឡែកស្ថិតនៅក្នុងវិស័យសំណង់ មន្ត្រីជំនាញមួយចំនួននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ត្រូវមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ទើបអាចបញ្ចេញសកម្មភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិសេសពាក់ព័ន្ធទៅនឹងវិស័យសំណង់ ក៏ដូចជាបទល្មើសដីធ្លីបានពេញលេញ”។

ពាក់ព័ន្ធទៅនឹងបទល្មើសដែលស្ថិតនៅក្នុងវិស័យសំណង់ និងដីធ្លី កាលពីពេលកន្លងទៅនេះគេសង្កេតឃើញមានកើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានដូចជា ការសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត ការសាងសង់សំណង់បំពានលើសពីការកំណត់របស់ច្បាប់ ក៏ដូចជាការសាងសង់ខុសពីបទដ្ឋានជាដើម។ ក្រៅពីនេះក៏បានករណីខ្លះពាក់ព័ន្ធទៅនឹងការកាន់កាប់ដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងបំពានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here