ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបប្រមាណ២០០គីឡូម៉ែត្រ គ្រោងចំណាយថវិកាជាង១៨០លានដុល្លារតភ្ជាប់ពីខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់ខេត្តកោះកុង ឆ្លងកាត់តំបន់មួយចំនួននៃខេត្តបាត់ដំបងសម្រេចបានលទ្ធផលប្រមាណជាង៤៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន លោកបុង ប៊ុនហួន បានមានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាព និងសកម្មភាពសាងសង់កាលពីពេលថ្មីៗនេះថា ផ្លូវមួយខ្សែនេះនឹងផ្តល់អត្ថប្រយោជន៍ទាំងក្នុងការដឹកជញ្ជូន និងជាផ្លូវបែបអេកូទេសចរណ៍ធម្មជាតិតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។
ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លងកូវីដ១៩យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ ផ្ទុយទៅវិញ នៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗមួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត៕