ដោយគង់ សូរិយា
កំពតៈ គំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនរួមមាន ដីឡូត៍ លំនៅដ្ឋានបែបលំហែរជាច្រើនបាននិងកំពុងលេចឡើងនៅជើងភ្នំបូកគោ ខណៈទីក្រុងឆ្លាតវៃរបស់រដ្ឋាភិបាលបាននិងកំពុងរៀបចំឆ្ពោះទៅមុខ។
បច្ចុប្បន្នដោយសារខេត្តកំពត មានធនធានធម្មជាតិដ៏សម្បូរបែប មានភ្នំបូកគោដ៏ទាក់ទាញ មានដងព្រែក និងទេសភាពដ៏ស្រស់បំព្រងបាន និងកំពុងធ្វើឲ្យតំបន់ជាប់មាត់សមុទ្រនេះ កំពុងបង្កើនល្បឿននៃការវិនិយោគរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
សហស្ថាបនិកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតាមដានការវិវត្តវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ មិនានេះថា ការរីកចម្រើនខេត្តកំពត មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាផ្អែកលើមូលដ្ឋានជាច្រើនទាំាំងហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋាន ធនធានធម្មជាតិ កំពង់ផែទេសចរណ៍ កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេសជាដើម សុទ្ឋតែជាកត្តាលីករដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
លោកបន្តថា “ខេត្តកំពតនឹងផ្លាស់ប្តូរមុខមាត់ ក្នុងកម្រិតថ្មីមួយនារយៈពេលបីឆ្នាំខាងមុខ ដោយសារមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ជាច្រើនកំពុងសាងសង់ ដែលជាផ្នែកមួយលើកកំពស់ទំនុកចិត្តនៅលើទីផ្សារបន្ថែមទៀត”។
ជាមួយគ្នានេះ គំរោងដីឡួត៍បូកគោលែនដ៏ សម្រាប់សាងសង់ផ្ទះលំហែរ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ និងផ្តល់ភាពងាយស្រួលដល់អតិថិជន កំពុងលក់និងទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយសារម្ចាស់គំរោងនេះបានតប្រព័ន្ឋទឹកស្អាត បណ្តាញអគ្គិសនី និងផ្ទះគំរូចជាស្រេចសម្រាប់ផ្តល់ជូនអតិថិជន ដែលត្រូវការលំនៅដ្ឋានសំរាប់លំហែរកាយ នៅពេលចុងសប្តាហ៍៍ ឬពេលសម្រាកពីការងារ។
ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា បើនិយាយពីតំបន់ជើងភ្នំបូកគោ គឺជាតំបន់ដែលមានសក្តានុពលខ្ពស់ ដោយសារមានទីតាំងភូមិសាស្រ្តល្អ មានគំរោងល្អ និងផែនការមេអភិវឌ្ឍន៍ច្បាស់លាស់ ហេតុនេះការវិនិយោគនៅតំបន់នេះជារឿងត្រឹមត្រូវ ប៉ុន្តែផលចំណេញត្រលប់នៅពេលណា វាអាស្រ័យលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។
លោកបន្តថា “គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់ក្រុមហ៊ុនSokha Groupកំពុងវិវត្តន៍ឆ្ពោះទៅមុខបណ្តើរ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនេះលឿនកម្រិតណា វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោក”។
គំរោងកសាងទីក្រុងឆ្កាតវៃ នៅជើងភ្នំបូកគោ ក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាផងដែរ។
កំឡុងពេលអញ្ជើញបើកសម្ភោធគំរោងនេះ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរទិញដីនៅក្នុងគំរោងទីក្រុងឆ្លាតវៃនេះ៕