ដោយវុត្ថា
ភ្នំពេញ: ខេត្តព្រះសីហនុនឹងមិនមានតែទឹកសមុទ្រខៀវស្រងាត់ ដើម្បីងូតនោះទេ តែខេត្តនេះនឹងមានភាពទាក់ទាញថែមទៀត ដោយក្រុមហ៊ុនSV Interationalនឹងបោះទុនជាង១ពានលានដុល្លារ ដើម្បីសាងសង់រមណីយដ្ឋាន Wisney Resort Cityលំដាប់ពិភពលោកមួយនៅខេត្តនេះ។
គម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន Wisney Resort Cityដែលមានទីតាំងនៅក្រុងព្រះសីហនុ នៃខេត្ដព្រះសីហនុ ត្រូវបានសម្ភោធជាផ្លូវការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្យ ក្រោមវត្តមានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
គំរោងនេះនឹងវិនិយោគរួមគ្នាដោយក្រុមហ៊ុនSV Internationalដែលមានមូលដ្ឋាននៅប្រទេសចិន និងSMC Internationalដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។
តាមគំរោងប្រកាសដោយថ្នាក់ដឹកនាំក្រុមហ៊ុននេះបានឲ្យដឹងថា គម្រោងដ៏ធំរួមមានរមណីយដ្ឋានកម្សាន្តទឹក (water theme park) សណ្ឋាគារ និងកាស៊ីណូ ផ្សារទំនើប សួនច្បារ ឱទ្យានលំហែរកាយ ផ្លូវ និងឧទ្យានវប្បធម៌ ព្រះវិហារជាដើម នឹងបដិសណ្ឋារកិច្ចនៅក្រុងព្រះសីហនុ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនឹងទុនវិនិយោគសរុបរហូតដល់ទៅជាងមួយពាន់លានដុល្លា គម្រោងនេះពិតជាទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ និងរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែជឿនលឿនថែមទៀត។ នេះក៏ការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជាដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យម ប្រមាណ៧ភាគរយជាប់ៗគ្នា ដែលនាំឲ្យចំណូលរបស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។ ដោយឡែក វិស័យទេសចរណ៍ ក៏កំពុងរីកចំរើនយ៉ាងខ្លាំង។ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលត្រូវបានស្ដារឡើងវិញឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរនិងដឹកជញ្ជូន កាន់តែងាយស្រួល។
លោកជំទាវបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាការពិត ការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈម ច្រើនដូចជា៖ កង្វះធនធានមនុស្ស ខ្វះរមណីយដ្ឋានកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយ និងកង្វះការផ្សព្វផ្សាយជាដើម។
ទោះជាយ៉ាងនេះក្តី ក្រោយការបើកទូលាយទីផ្សារ និងការស្វាគមន៍ ការវិនិយោគពីបរទេសរបស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ មានការរីកចំរើនយ៉ាងខ្លាំងក្លា ជាពិសេសវិស័យទេសចរណ៍។ ជាក់ស្តែង យើងឃើញការសាងសង់រម្មណីយដ្ឋាន សណ្ឋាគារ និងកាស៊ីណូនៅក្រុងព្រះសីហនុ ពិតជាមានសន្ទុះខ្លាំងក្លាណាស់។ ចំណែកវិស័យអចលនទ្រព្យ ដីធ្លី និងផ្ទះសម្បែង ក៏មានការលូតលាស់និងមានទីផ្សារយ៉ាងល្អ។
លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនបានបន្តថា ការសម្រេចចិត្តបើករម្មណីយដ្ឋាននៅទីនោះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថាជាតារះទិសភាគនីរតី នៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយសក្តានុពល ផ្នែកឧស្សាហកម្ម និងទេសចរណ៍ ជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្ទដ៏ស្រស់ស្អាត មានកំពង់ផែរអន្តរជាតិ និងមានអាកាសយានដ្ឋានអន្តរជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា។ ដូច្នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនពិតជាចេញចូល និងស្នាក់នៅក្រុងព្រះសីហនុនេះច្រើន និងចូលសម្រាក និងកំសាន្តនៅទីនេះច្រើនជាមិនខាន៕