ដោយៈសុខុម
អាមេរិក: យោងតាមការដាក់ចំណាត់ថ្នាក់ មហាសេដ្ឋីពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិក ប្រចាំឆ្នាំ២០២១ បង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យទូទាំងពិភពលោក បានកើនឡើង១៥១ពាន់លានដុល្លារក្នុងឆ្នាំ២០២០។
ក្នុងនោះទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅអាស៊ី កើនឡើងច្រើនជាងគេ ពិសេសមហាសេដ្ឋីអចលនទ្រព្យពាន់លានដុល្លារទាំង២១៥រូប មានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាជាង៨០០ពាន់លានដុល្លារ ហើយមានតែ៣០រូបប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់ខ្លួនបានធ្លាក់ចុះក្នុងឆ្នាំកន្លងទៅ។
មហាសេដ្ឋីអចលនទ្រព្យមានទ្រព្យ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតចំនួន៦រូបជាពលរដ្ឋចិនដីគោក ឬចិនហុងកុង ដោយក្នុងនោះរួមមានទាំងលោក Lee Shau-kee វ័យ៩៣ឆ្នាំមកពីក្រុងហុងកុង ដែលជាមហាសេដ្ឋីអចលនទ្រព្យ មានជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិ៣១,៧ពាន់លានដុល្លារផងដែរ។
លោក Lee Shau-kee ជាម្ចាស់ហ៊ុនអភិវឌ្ឍន៍ Henderson Land Development ដែលទទួលសាងសង់គម្រោងលំនៅដ្ឋាន និងគម្រោងពាណិជ្ជកម្មនានាដូចជាអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក (World Financial Center) នៅក្រុងប៉េកាំង និងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Finance Centre) នៅក្រុងហុងកុង ជាដើម។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យចិនដីគោក លោក Zuo Hui បានកើនឡើងច្រើនបំផុតកាលពីឆ្នាំមុន ក្នុងចំនួន១៣,៣ពាន់លានដុល្លារ។ គាត់មានទ្រព្យសម្បត្តិសរុប១៥,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៦ ខែមីនា នៅពេលការចំណាត់ថ្នាក់ប្រចាំឆ្នាំត្រូវបានបញ្ចប់។
លោក Zuo Hui ជាប្រធានក្រុមហ៊ុន KE Holdings ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Lianjia ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០០១ ហើយលោកបានបង្កើតក្រុមហ៊ុនកម្រៃជើងសារ អចលនទ្រព្យធំជាងគេបំផុតនៅប្រទេសចិន ដោយធ្វើប្រតិបត្តិការនៅក្នុងទីក្រុងចំនួន២៨ និងមានភ្នាក់ងារកម្រៃជើងសារអចលនទ្រព្យ (អ្នកគួកជេ) ជិត១៥០.០០០នាក់។
លោក Zuo Hui គឺឈានមុខគេក្នុងចំណោមមហាសេដ្ឋី អចលនទ្រព្យនៅអាស៊ី ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១៥ នៃចំណាត់ថ្នាក់កំពូលទាំង២០ នៅក្នុងការដាក់ចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes។
លោក Donald Bren ប្រធានក្រុមហ៊ុន Irvine Co. ស្ថិតក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យអាមេរិក២រូប ដែលជាប់ក្នុងចំណោមមហាសេដ្ឋី មានទ្រព្យច្រើនបំផុតទាំង២០ក្នុងវិស័យអចលនទ្រព្យ។ ទ្រព្យសម្បត្តិ១៥,៣ពាន់លានដុល្លាររបស់លោក Donald Bren បានខាតបង់២០០លានដុល្លារក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក មួយរូបទៀតគឺលោកSun Hongbin ដែលបានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍ចិន Sunac China Holdings បានកើនឡើង១០០លានដុល្លារដល់៩,៣ពាន់លានដុល្លារ។
មហាសេដ្ឋីអចលនទ្រព្យអាល្លឺម៉ង់ Alexander Otto គឺជាមហាសេដ្ឋីលំដាប់កំពូលរបស់អឺរ៉ុប ដែលជាប់ចំណាត់ថ្នាក់លេខ២០។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជិត៧ពាន់លានដុល្លារកាលពីឆ្នាំមុន៕