ដោយៈ ប៊ី
ភ្នំពេញៈ ប្រតិបត្តិករកាស៊ីណូNagaCorp ចុះបញ្ជីនៅហុងកុងបានឱ្យដឹងថា ចំណូលរបស់ខ្លួន ពីអាជីវកម្មល្បែងចាប់ផ្តើមងើបឡើងវិញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ខណៈចំណូលនេះ មានកើនឡើងគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមហ៊ុនបានឱ្យដឹងនៅរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា ចំណូលពីអាជីវកម្មរបស់ខ្លួននៅត្រីមាសដំបូង បានងើបឡើងវិញដល់៩៩ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GGRAsia កាលថ្មីៗនេះ។
ក្រុមហ៊ុនNagaCorp ទទួលបានចំណូលពីអាជីវកម្មល្បែងបាន១២៧,៣៤លានដុល្លារ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ខណៈប្រាក់ចំណូលសុទ្ធមានចំនួន៧២,៦ លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ខែដំបូង ឆ្នាំ២០២១។
ក្រុមហ៊ុនNagaCorpកាលពីថ្មីៗនេះ បានប្រកាសបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំរបស់ខ្លួន (ណាហ្គា៣) បន្ទាប់ពីត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីពីរឆ្នាំមុន។
នៅក្នុងខែមករា ក្រុមកម្មករបានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារ កម្ពស់ ៧៥ជាន់។
ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។
គម្រោងដែលមានទំហំគិតជាទឹកប្រាក់ ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ ចំនួនពីរផងដែរ៕