វៀតណាមប្រមូលទុនបានជិត២០០លានដុល្លារ លើគំរោងតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងជាប់ព្រំដែនកម្ពុជា

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ រដ្ឋាភិបាលសង្គមនិយមវៀតណាម បានប្រមូលប្រាក់បានជិត២០០លានដុល្លារ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទំហំប្រមាណ ១៦០០ហិកតា នៅខេត្ត Hà Tiên ដែលជាព្រំប្រទល់ជាប់នឹងនឹងខេត្តកំពត និងតាកែវ នៃប្រទេសកម្ពុជា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Newsបានឲ្យដឹងថា តំបន់សេដ្ឋកិច្ចថ្មីនេះ មានឈ្មោះថា Ha Tien border-gate economic zone (EZ) ឬ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Hà Tiên ដែលមានទីតាំងស្ថិតនៅតាមដែនដីសណ្តនៃទន្លេមេគង្គ Kiên Giang និងលាតសន្ធឹងលើឃុំចំនួន៥ នៃប្រទេសវៀតណាម។

តំបន់នេះសេដ្ឋកិច្ចពិសេសនេះ មានទីតាំងស្ថិតនៅជិតស្រុកគិរីវង់ ខេត្តតាកែវ ក៏ដូចជា ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចខេត្តកំពតទៀតផង។ តំបន់នេះផងដែរ ត្រូវបានចែកចេញ ៧ផ្នែក រួមមាន តំបន់មិនគិតពន្ធ តំបន់ទេសចរណ៍ តំបន់រដ្ឋបាល តំបន់លំនៅដ្ឋាន តំបន់ឧទ្យានឧស្សាហកម្ម និងតំបន់ច្រកទ្វារអន្តរជាតិ Hà Tiên ដែលជាតំបន់ស្ថិតនៅជាប់នឹងច្រកទ្វារអន្តរជាតិព្រែកចាករបស់កម្ពុជា។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hà Tiên លោក Lê Quốc Anh បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចថ្មីនេះ នឹងជួញជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងការពារជាតិរវាងប្រទេសទាំង២។ លើសនេះ តំបន់សេដ្ឋកិច្ចនេះ ក៏នឹងជួយត្រួសត្រាយផ្លូវ ពង្រីក និងពង្រឹងអាជីវកម្មរបស់ប្រជាជនដែលរស់នៅតាមព្រំដែនទាំង ២ ប្រទេស ផងដែរ។

គិតមកដល់បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចថ្មីនេះ បានទាក់ទាញគម្រោងវិនិយោគចំនួន ៣៥ ឬ ស្មើនឹងទឹកប្រាក់ប្រមាណ១៩១លានដុល្លារអាមេរិក។

ចំណែកភាគីកម្ពុជាវិញ បាននិងកំពុងសាងសង់ផ្សារព្រំដែន ស្ថិតនៅតំបន់ព្រែកចាក តម្លៃ២លានដុល្លារអាមេរិក ដែលផ្សារនេះត្រូវបានចុះពិនិត្យនិងរៀបចំដោយអភិ​បាលខេត្តកំពត និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តកាលពីពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here