ដោយៈ ប៊ី
អន្តរជាតិៈ សមាជិកព្រឹទ្ធសភាអាមេរិក កាលថ្ងៃទី៨ ខែមេសានេះ បានបង្ហាញច្បាប់ទូលំទូលាយស្តីពី ប្រទេសចិន ដែលនឹងបង្កើនសម្ពាធលើទីក្រុងប៉េកាំង ពីបទលួចកម្មសិទ្ធិបញ្ញា និងពង្រឹងចំណងមិត្តភាពរវាងអាមេរិក និងកោះតៃវ៉ាន់។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
នៅក្នុងគំនិតផ្តួចផ្តើមទ្វេភាគី ដ៏កម្រមួយនៅក្នុងសភា រវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ នៅគណៈកម្មាធិការទំនាក់ទំនង ការបរទេសព្រឹទ្ធសភារួមគ្នា បានបង្ហាញច្បាប់ស្តីពី ការប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលមានគោលបំណង ដើម្បីគ្រប់គ្រងទំនាក់ទំនងដ៏ជូរចត់រវាងសហរដ្ឋអាមេរិក និងក្រុងប៉េកាំង។
សមាជិកព្រឹទ្ធសភាលោក Bob Menendez សមាជិកគណបក្សប្រជាធិបតេយ្យ ដែលដឹកនាំគណៈកម្មាធិការនេះបានមានប្រសាសន៍ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវតែច្បាស់ និងដឹងច្បាស់អំពីចេតនា និងសកម្មភាពរបស់ទីក្រុងប៉េកាំង និងធ្វើតាមស្តង់ដារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់យើង”។
វិធានការនេះពិពណ៌នាអំពីការដាក់ទណ្ឌកម្ម ដែលជា “ឧបករណ៍ដ៏មានឥទ្ធិពល” សម្រាប់សហរដ្ឋអាមេរិក ខណៈសម្តែងការព្រួយបារម្ភពីការប្រតិបត្តិ ដែល“មិនបានអនុវត្តន៍ពេញលេញ” នូវវិធានការណ៍ ដែលត្រូវបានអនុម័តដោយសភារួច។
ប្រសិនបើច្បាប់នេះ ត្រូវបានអនុម័ត វិធានការនេះនឹងតម្រូវឱ្យរដ្ឋលេខាធិការ ចេញនូវបញ្ជីប្រចាំឆ្នាំនៃក្រុមហ៊ុនរដ្ឋចិនទាំងអស់ ដែលបានទទួលផលប្រយោជន៍ពីការលួចកម្មសិទ្ធិបញ្ញា ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ឬវិស័យសំខាន់អាមេរិកណាមួយ។
វិធានការនេះ ក៏នឹងវាយតម្លៃលើការរំលោភសេពសន្ថវៈ ការរំលូតកូនដោយបង្ខំ និងអំពើហឹង្សាប្រឆាំងនឹងជនជាតិUighurs បន្ថែមលើរបាយការណ៍ ដែលបានទាមទារពីមុន ពីការជាប់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញលើប្រជាជនម៉ូស្លីម។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សបាននិយាយថា “ជនជាតិUighurជាងមួយលាននាក់ និងប្រជាជនម៉ូស្លីមជាច្រើន បានប្រមូលផ្តុំគ្នានៅតំបន់ភាគខាងលិចស៊ីនជាំង ក្នុងយុទ្ធនាការមួយ ដែលសហរដ្ឋអាមេរិកពិពណ៌នាថា ជាអំពើប្រល័យពូជសាសន៍”។
ទីក្រុងប៉េកាំងបដិសេដដោយអះអាងថា ខ្លួនកំពុងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកាត់បន្ថយភាពជ្រុលនិយមអ៊ីស្លាម។ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពីបទលួចកម្មសិទ្ធិបញ្ញា។
វិធានការនេះ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏ខ្លាំងក្លា របស់អាមេរិកចំពោះកោះតៃវ៉ាន់ ដែលទទួលបានការគាំទ្រពីគណៈបក្សទាំងពីរ នៅក្នុងសភាអាមេរិក។
ច្បាប់នេះនឹងតម្រូវឱ្យសហរដ្ឋអាមេរិកប្រើ “ឈ្មោះនិងពិធីសារដូចគ្នា” ក្នុងការទាក់ទងជាមួយកោះតៃវ៉ាន់ ដូចជាប្រទេសមួយដែលរដ្ឋាភិបាលស្របច្បាប់មួយ ទោះបីជាអាមេរិកនឹងរក្សាទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក៏ដោយ។
វិធានការខាងលើនេះបានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែរក្សាភាពជឿជាក់ជាអ្នកការពារតម្លៃប្រជាធិបតេយ្យ និងគោលការណ៍ទីផ្សារសេរី ដែលត្រូវបានបង្កើតឡើងដោយប្រជាជន និងរដ្ឋាភិបាលតៃវ៉ាន់។
កោះតៃវ៉ាន់ ដែលគោរពលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋបាលខ្លួនឯង ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកថាជាទឹកដី ដែលកំពុងរង់ចាំការបង្រួបបង្រួម ឬប្រើប្រាស់កម្លាំងកងទ័ពបើចាំបាច់៕