ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនសិង្ហបុរី MVL ដែលនៅពីក្រោយកម្មវិធីហៅតាក់ស៊ីអនឡាញឈ្មោះ TADA កៀរគរប្រមូលថវិកាបានចំនួន១៥លានដុល្លារអាមេរិក ដើម្បីផលិតម៉ូតូតុក តុក តុក នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៩ មេសា។
ការកៀរគរប្រមូលថវិកានេះ ត្រូវបានដឹកនាំដោយវិនិយោគិនចាស់Central ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកូរ៉េខាងត្បូង និងមានការចូលរួមពីក្រុមហ៊ុន Trive ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ម៉ូតូអគ្គិសនីម៉ូឌែលថ្មី ដែលមានឈ្មោះថា ONiONT1 នេះត្រូវបានអភិវឌ្ឍដោយសហការជាមួយក្រុមហ៊ុនCentral។ តុក តុកនេះ នឹងត្រូវប្រកាសបញ្ចេញជាផ្លូវការតាមរយៈក្រុមហ៊ុនMVL Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL។ តុក តុកនេះនឹងចូលរួមជាកម្លាំងបន្ថែមជាមួយTADA នៅក្នុងការផ្ដល់សេវាហៅតាក់ស៊ីអនឡាញ និងសេវាដឹកជញ្ជូនទំនិញនៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនMVL បានគូសបញ្ជាក់ថា ម៉ូតូអគ្គិសនីONiON T1 នេះនឹងជួយសន្សំសំចៃការចំណាយលើថ្លៃថាមពល មកនៅត្រឹមតែ៦០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ក្រុមហ៊ុន ក៏មានគម្រោងសាងសង់ស្ថានីយបញ្ចូលអាគុយធំៗ នៅទូទាំងរាជធានីភ្នំពេញផងដែរ។
ម៉ូតូអគ្គិសនីនេះ នឹងត្រូវដំឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសសុវណ្ណភូមិ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល។
ក្រុមហ៊ុននិយាយថា ការបណ្ដាក់ទុននេះនឹងបង្កើតការងារថ្មី បានប្រមាណ៣៨០កន្លែងសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន។ បច្ចុប្បន្នខ្លួនកំពុងទទួលការកុម្ម៉ង់ ម៉ូតូអគ្គិសនីនេះ ហើយតាមការរំពឹងទុករថយន្តផលិតដំបូង នឹងមានលក់លើទីផ្សារកម្ពុជា នៅត្រឹមចុងឆ្នាំ២០២១។
លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL មានប្រសាសន៍ថា “ក្នុងនាមក្រុមហ៊ុន យើងបានផ្តោតលើការផ្សារភ្ជាប់គម្លាតបច្ចេកវិទ្យា ដើម្បីធ្វើឱ្យម៉ូតូអគ្គិសនីមានតម្លៃធូរថ្លៃ ហើយការបញ្ចេញជាផ្លូវការនូវម៉ូតូថ្មីនេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការពង្រីកទៅផលិតម៉ូឌែលយានយន្តអគ្គិសនីផ្សេងៗទៀត”។
បច្ចុប្បន្ន កម្មវិធីហៅតាក់ស៊ីអនឡាញឈ្មោះTADA របស់ក្រុមហ៊ុនMVL មានវត្តមាននៅប្រទេសសិង្ហបុរី វៀតណាម និងប្រទេសកម្ពុជា ដោយមានអ្នកតៃកុងប្រហែល១០០.០០០នាក់ និងអ្នកប្រើប្រាស់ប្រមាណ៨៩០,០០០នាក់៕