គម្រោងអភិវឌ្ឍន៍អចលនទ្រព្យចំនួន២៧៩កំពុងដំណើរការសាងសង់នៅទីក្រុងភ្នំពេញទោះសិ្ថតក្នុងវិបត្តិកូវីដ១៩

0

ដោយៈ ប៊ី

ភ្នំពេញៈ ឆ្នាំ២០២១ ត្រូវបានមើលឃើញថា ទីផ្សារអចលនទ្រព្យនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ក្នុងអំឡុងពេល១២ខែ ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងចំនួន២៧៩ កំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២១ មិនមែនគ្រាន់តែជាឆ្នាំថ្មីទេ ប៉ុន្តែហាក់ដូចជាឆ្នាំដ៏សំខាន់មួយ ដែលមានសញ្ញាវិជ្ជមានជាច្រើន ជាពិសេសវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយជាបណ្តើរៗនៅទូទាំងពិភពលោក និងចាប់ផ្តើមមានការផ្លាស់ប្តូរលើសេដ្ឋកិច្ច និងស្ថាប័ននានា។

នៅប្រទេសកម្ពុជា ការចែកចាយវ៉ាក់សាំងបង្ហាញពីការបញ្ចប់នៃជំងឺរាតត្បាត ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ២០២០ ហើយជាមួយនេះយើងរំពឹងថានឹងមានការកើនឡើងជារួមនៅក្នុងទីផ្សារអចលនទ្រព្យ។

ជាមួយគ្នានេះដែរវិបត្តិកូវីដ១៩ បានដាក់សម្ពាធកាន់តែខ្លាំងឡើង សម្រាប់ប្រតិបត្តិការសាងសង់។ វិបត្តិនេះមានន័យថា មានតម្រូវការលើការសំអាតកាន់តែច្រើន សន្តិសុខតឹងរឹង ការធ្វើអនាម័យជាប្រចាំនៃគម្រោងអចលនទ្រព្យ និងបង្កើនការគ្រប់គ្រងភ្ញៀវ និងនីតិវិធីរដ្ឋបាលជាដើម។

ការកើនឡើងនូវតម្រូវការទាំងនេះ បង្កើតបានជាបញ្ហាប្រឈម សម្រាប់វិស័យនេះ ជាពិសេសការផ្គត់ផ្គង់កម្លាំងពលកម្ម និងធនធានដើម្បីគ្រប់គ្រងអចលនទ្រព្យ ប្រកបដោ​យវិជ្ជាជីវៈ និងថ្លៃដើមសមរម្យ។

លោក Shivali Chaman ប្រធានផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា“ យើងពិតជាមើលឃើញថា មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការ នៃការគ្រប់គ្រងអចលនទ្រព្យ”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍ និងវិនិយោគិនដឹងកាន់​តែច្បាស់ពីផលប៉ះពាល់ ដែលសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលមានគុណភាព អាចមានលើការរក្សាទុកកិច្ចសន្យាជួល និងក្នុងការថែរក្សាគម្រោងរបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here