ដោយៈ ប៊ី
បាងកកៈ ហាងលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដំបូងបង្អស់ ដែលដាក់លក់ផលិតផលមានលក្ខណៈពិសេសពីទូទាំងប្រទេសថៃ គ្រោងនឹងបើកដំណើរនៅទីក្រុងបាងកកនា ខែកក្កដាខាងមុខនេះ ខណៈជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយការលក់មានភាពប្រសើរឡើង ចំពេលវិបត្តិសេដ្ឋកិច្ចនេះ។
នាយកដ្ឋានកម្មសិទ្ធិបញ្ញាថៃ បានផ្តួចផ្តើមគំនិតបើកហាងលក់ផលិតផលសម្គាល់ភូមិសាស្ត្រនេះ ហើយមានផែនការលើកកម្ពស់ និងការពារសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់ហាងលក់ផលិតផលសម្គាល់ភូមិសាស្ត្រទាំងក្នុងស្រុក និងទីផ្សារអាស៊ាន ដែលមានរួមានផលិតផលរបស់កម្ពុជាផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
GI គឺជាវិញ្ញាបនប័ត្រ ដែលបង្ហាញថាទំនិញ ដែលមានលក្ខណៈពិសេសៗមកពីតំបន់ជាក់លាក់ ខេត្ត តំបន់ ឬប្រទេសមួយចំនួន។
លោក Vuttikrai Leewiraphan ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បាននិយាយថា នាយកដ្ឋានកំពុងត្រៀមចុះអនុស្សរណៈយោគយល់គ្នាជាមួយផ្សារ MBK នៅក្នុងស្រុក Pathumwan ដើម្បីបង្កើតហាង GI ដំបូងគេ។
ផលិតផលអាហារនឹងត្រូវដាក់លក់ នៅពេលហាងដំបូងបើកនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ ដែលជាផ្នែកមួយនៃពិធីបុណ្យ៥ថ្ងៃ ដែលមានគោលបំណងអប់រំប្រជាជនអំពីផលិតផលGI។
ហាងទំនិញ GI គឺជាបណ្តាញលក់ថ្មីមួយ ដែលស្ថិតក្រោមផែនការរបស់នាយកដ្ឋាន ដើម្បីផ្សព្វផ្សាយផលិតផលតាមអនឡាញ និងក្រៅប្រព័ន្ធអនឡាញ ហើយជួយអ្នកលក់ ដែលភាគច្រើនជាអ្នកភូមិ សម្រាលបន្ទុកពីវិបត្តកូវិដ១៩ ខណៈពិព័រណ៍ពាណិជ្ជកម្មកម្រត្រូវបានរៀបចំឡើងសម្រាប់ដាក់លក់ផលិតផល។
នាយកដ្ឋានបានរាយការណ៍ថា ថៃបានរកចំណូលបានចំនួន៣៦ពាន់លានបាត គិតចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមផ្សព្វផ្សាយផលិតផលGI។
ផលិតផល GI បរទេសចំនួន១៧ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសថៃ រួមទាំងស្រាមកពីតំបន់ Napa Valley (អាមេរិក) ស្រា tequila (ម៉ិកស៊ិកូ) ស្រាវីស្គី Scotch (ស្កុតឡេន) ស្រាសំប៉ាញ (បារាំង; កាហ្វេប៊ុនម៉ាធូត (វៀតណាម) ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ (កម្ពុជា) និងស្រា Brunello Di Montalcino (អ៊ីតាលី)៕