ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែតដែលកំពុងតែសកម្មដោយមិនគិតពីភាពនឿយហត់បានថ្លែងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានពេលសម្រាកនោះទេ។
ជាមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ លោកបណ្ឌិតហ៊ុន ម៉ាណែទបានមានប្រសាសន៍លើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២១ មេសានេះថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។
លោកបន្តថា “ខ្ញុំនិងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ”។លោកបន្តថា “បន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩”។
ជាមួយគ្នានេះ លោកបណ្ឌិតហ៊ុន ម៉ាណែត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍ អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕