ដោយៈសុខុម
ប្រទេសចិន: ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារ ទី២៧ មេសានេះថា ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុន ឧស្សាហកម្មធំៗនៃមហាយក្សចិន បានកើនឡើងយ៉ាងខ្លាំងកាលពីខែមីនា នៅពេលតម្រូវការវត្ថុធាតុដើមកើនឡើងខ្លាំង ស្របនឹងការងើបឡើងនៃសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
យោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS) បង្ហាញថា ប្រាក់ចំណេញបានកើនឡើង៩២,៣% ដល់១០៩,៦ពាន់លានដុល្លារអាមេរិក នៅក្នុងខែមីនា បើធៀបនឹងឆ្នាំមុនជាពេលដែលសេដ្ឋកិច្ច រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។
ទោះជាយ៉ាងណា ល្បឿននៃកំណើនបានថយចុះ បើធៀបទៅនឹងរយៈពេល២ខែដំបូងដើមឆ្នាំនេះ។ ប្រាក់ចំណេញបានកើនឡើង១៧៩% នៅខែមករា និងខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលពេលនោះវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យគាំងសកម្មភាពសេដ្ឋកិច្ច។
យោងតាមសេចក្ដីថ្លែងការណ៍របស់មន្ត្រីមួយរូបឈ្មោះ Zhu Hong មកពីការិយាល័ជាតិស្ថិតិឱ្យដឹងថា ប្រាក់ចំណេញខ្លាំងនៅក្នុងឧស្សាហកម្មផលិត និងកែច្នៃវត្ថុធាតុដើម ជាពិសេសគីមី លោហៈ និងប្រេងបានជួយជំរុញកំណើនប្រាក់ចំណេញ ក្នុងឧស្សាហកម្មទាំងមូល នៅពេលដែលតម្រូវការកើនឡើង។
សម្រាប់រយៈពេលពីខែមករា ដល់ខែមីនា ប្រាក់ចំណេញរបស់បណ្ដាហ៊ុនឧស្សាហកម្មគ្រាក់ៗបានកើនឡើង១៣៧%ដល់២៨១ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលក្នុងស្រុកសរុប (GDP) របស់មហាយក្សចិន បានកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ដោយសម្រេចបានកំណើនខ្ពស់បំផុតមិនធ្លាប់មាន១៨,៣%ដោយសារតម្រូវការ កើនឡើងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក៕