សភាពាណិជ្ជកម្ម​កម្ពុជា​គាំទ្រ​ឱ្យមាន​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​បែបឌីជីថល​ក្នុង​ទីផ្សារ​ក​សិ-ឧស្សាហកម្ម

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្រប​ពេលដែល​កម្ពុជា ត្រូវ​បានទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន ក្នុងការ​នាំយក​កសិផល​ស្រស់ និង​កែច្នៃ​មួយចំនួន​ចូលក្នុង​ទីផ្សារ​របស់ខ្លួន អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា សភាពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​ពី​ការ​សាទរ និង​គាំទ្រ​ឱ្យមាន​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​បែប​ឌីជីថល​ក្នុង​ទីផ្សារ​ក​សិ-ឧស្សាហកម្ម ដើម្បី​ជំរុញ​ការនាំចេញ និង​ពង្រឹង​ផលិតភាព​តម្រូវ​តាម​ការចង់បាន​របស់​ទីផ្សារ។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា ក្នុងនាម​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​សូម​បង្ហាញ​នូវ​ក្ដី​សាទរ ចំពោះ​សមិទ្ធផល​ថ្មី នៃ​ការទទួលបាន​កិច្ច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​កម្ពុជា​ចំនួន៥ នាំ​ផលិតផល​កសិផល ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដែលជា​ទីផ្សារ​គោលដៅ​ដ៏​ធំ​របស់​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “កាលដែល​យើង​ទទួលបាន​ការអនុញ្ញាត​ពី​អគ្គ​រដ្ឋបាល​គយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅពេលនេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម រួម​នឹង​ក្រសួង​ពាក់ព័ន្ធ​ផងដែរ” ។ លោក​បន្តថា “ការទទួលបាន​ការនាំ​ចេញ ដោយ​ស្របច្បាប់​ពេញសិទ្ធិ​នេះ បាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ចំពោះ​កម្ពុជា ក៏ដូចជា​ប្រជាកសិករ​ផងដែរ” ។

លោក​បន្តថា ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​ការពង្រឹង​សមត្ថភាព និង​លទ្ធភាព ក្នុង​ការផលិត​ឱ្យមាន​គុណភាព សុវត្ថិភាព ស្របតាម​បទដ្ឋាន​ដែល​ទីផ្សារ​ចង់បាន បើ​យើង​ខ្វះ​សមត្ថភាព ឬ​គុណភាព​របស់​កសិផល​ស្ថិត ក្នុង​កម្រិត​ទាប​វា​នៅតែ​ជា​បញ្ហា​ដល់​ការនាំចេញ​ដដែល” ។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តថា មានការ​លើកឡើង​ពី​ការចង់ឱ្យ​មានការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​បែប​ឌីជីថល​ទៅលើ​ទីផ្សារ​ក​សិ-ឧស្សាហកម្ម ដើម្បី​ជាម​ធ្យ​បាយ​កាន់តែ​ងាយស្រួល ក្នុងការ​ផ្សព្វ​ផ្សាយដំណឹង ឬ​បញ្ជូន​ជា​ព័ត៌មាន ផ្តល់​ចំណេះដឹង​ដល់​គ្រប់​មជ្ឈដ្ឋាន​ដែលជា​អ្នក​ផលិត ជាពិសេស​ប្រជាកសិករ ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​អាចមាន​ចំណេះ ដឹង​ក្នុង​ការផលិត ដឹង​ពី​តម្រូវការ​ទីផ្សារ និង​ការត្រៀមខ្លួន​ក្នុង​ការផលិត ឱ្យ​ត្រូវ​តាម​ការចង់បាន​របស់​ទីផ្សារ​ក្រៅ​ស្រុក។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​មាន​ប្រសា​ស​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ទីផ្សារ​ក​សិ-ឧស្សាហកម្ម​បែប​ឌីជីថល ពិតជា​មាន​សារសំខាន់​បំផុត ហើយនឹង​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន ប្រសិនបើ​អាចបង្កើត​បាន។

លោក​បន្តថា “ទោះបីជា​យើង​មាន​ទីផ្សារ​ក្រៅ​ស្រុក ធំ​ទូលាយ​ដែល​រង់ចាំ​ទទួល​ទិញ ប៉ុន្តែ​បើ​របស់​យើង​គ្មាន​គុណភាព គ្មាន​សុវត្ថិភាព តាម​ការចង់បាន​រប​ស់​ទីផ្សារ​ក៏​គេ​មិន​ទទួលយក​ដែរ។ ដូច្នេះ​យើង​អាច​នាំ​ផលិតផល​របស់​យើង ចូល​ទីផ្សារ​គេ​បាន​ទាល់តែ​របស់​យើង​មានគុណ​ភាពល្អ” ។

លោក​បន្តថា “ខ្ញុំ​លើក​ឧ​ទារ​ហណ៍​ពី​ផ្លែ​ស្វាយកែវ​ល្មៀត ទីផ្សារ​នៅ​ប្រទេស​ចិន​ក៏មាន ទីផ្សារ​នៅ​ប្រទេស​កូរ៉េ​ក៏មាន ប៉ុន្តែ​ហេតុអ្វី​បានជា​ការនាំចេញ​មាន​ឧបសគ្គ នោះ​គឺ​ព្រោះតែ​របស់​យើង​គ្មាន​គុណភាព សុវត្ថិភាព​តាម​ការចង់បាន​របស់​ពួកគេ ហើយ​លទ្ធផល​នៃ​ការនាំចេញ​មាន​ចំនួន​តិច ខណៈដែល​ផ្លែ​ស្វាយកែវ​ល្មៀត នៅក្នុង​ស្រុក​ចាក់គរ​គ្មាន​ទីផ្សារ។

ចំណុច​នេះ អាចពាក់ព័ន្ធ​ទៅនឹង​ចំណេះដឹង​ពី​ការដាំដុះ ការថែទាំង ការដឹង​ពី​តម្រូវការ​ទីផ្សារ ជាពិសេស​ដឹង​ពី​របៀប​ស្វែងរក​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក” ។

លោក​បាន​លើកឡើងថា “ប្រសិនបើ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល ដែល​អាច​បញ្ជូន​សារ ទៅដល់​បណ្តា​ប្រជាកសិករ​ដែលជា​អ្នក​ផលិត ក៏ដូចជា អ្នកជំនួញ​ក្នុង​វិស័យ​ពាក់ព័ន្ធ​បាន​ទូលាយ​នោះ​ភាពល្អប្រសើរ អាច​នឹង​កើតមាន​ជាង​នេះ​ជាក់​ជាមិនខាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here