សម្ដេចតេជោៈ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំ​ងបានតាមរយៈ ការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពិធីខួប២២ឆ្នាំ ដែលកម្ពុជាចូលជាសជិកអាស៊ាន (៣០ មេសា ១៩៩៩-៣០ មេសា ២០២១)។

សម្ដេចតេជោបានសរសេរនៅផេកផ្លូវការ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ថា អបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន។ ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។

សម្តេចតេជោថ្លែងថា “ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម”។

សម្ដេចតេជោលើកឡើងថា បន្ទាប់ពីការស្វះស្វែង តាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

សម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ានបានក្លាយជាស្នូលមួយ នៃនយោ​បា​យការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបាន តាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្រេចតេជោបានគូសបញ្ជាក់ថា ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគ​ជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here