សម្តេចតេជោ សរសេរលិខិតទៅលោកស៊ី ជីនពីង “សុំទិញវ៉ាក់សាំង”ចំនួន៦លាន ដូសបន្ថែមទៀត

0

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ បានសរសេរជាលិខិតមួយច្បាប់ស្នើទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដើម្បី “សុំទិញវ៉ាក់សាំង”ពីប្រទេសចិនចំនួន៦លានដូស បន្ថែមទៀតនៅពេលខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៩ មេសា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWang Wentian បានថ្លែងថា កាលពីថ្ងៃទី២៨ មេសា លោកបានទទួលលិខិតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ស្នើទៅកាន់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីស្នើសុំទិញវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសទៀត។

លោកWang Wentian បានបន្តថា សម្តេច ហ៊ុន សែន ស្នើសុំទិញវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសនេះ គឺគ្រោងបញ្ជូនមកនៅក្នុងខែឧសភា និងខែមិថុនាខាងមុខនេះ ហើយបច្ចុប្បន្នស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា កំពុងសម្របសម្រួលយ៉ាងសកម្មចំពោះការស្នើសុំរបស់សម្តេច ហ៊ុន សែននេះ។

គិតត្រឹមថ្ងៃទី ៣០ មេសានេះ កម្ពុជាបានទទួលវ៉ាក់សាំងជិត ៤ លានដូសរួចហើយដែលភាគច្រើនជាជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលប្រទេសកម្ពុជាបានទទួ​លរួចហើយ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូសទិញពីប្រទេសចិន និងវ៉ាក់សាំងដែលត្រូវបានផ្តល់ដោយកម្មវិធី Covax ចំនួន៣២៤,០០០ដូស ទទួលបានពីអង្គការសុខភាពពិភពលោក។

បើតាមគម្រោង នៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង១០ លានដូស និង គ្រោងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនជាង១០លាននាក់។ ប្រទេសចិនត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រដ៏សំខាន់ចំពោះប្រទេសកម្ពុជា ដើម្បីសម្រេចផែន​ការចាក់វ៉ាក់សាំងតាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here