ដោយៈសុខុម
សេអ៊ូល: រដ្ឋាភិបាលក្រុងសេអ៊ូល និងសេតវិមាន កំពុងកែសម្រួល និងសម្រិតសម្រាំងរបៀបវារៈ សម្រាប់ជំនួបកំពូលដំបូងរវាងប្រធានាធិបតី Moon Jae-in និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដោយជំនួបរបស់លោកទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ឧសភានៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃទី០១ ឧសភានេះ។
ក្រោយការប្រកាសដំណាលគ្នា អំពីកាលវិភាគនៃជំនួបកំពូលនេះ នៅទីក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ ទី៣០ មេសា មន្ត្រីជាន់ខ្ពស់មួយរូបនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកយកព័ត៌មានថា របៀបវារៈជាក់លាក់សម្រាប់ជំនួបកំពូលនេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា នៅឡើយរវាងរដ្ឋាភិបាលទាំងពីរ។
មន្ត្រីរូបនេះបានច្រានចោលក្ដីរំពឹង របស់មជ្ឈដ្ឋានសាធារណៈដែលយល់ថា ការចូលរួមរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ក្នុងក្រុមសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្រដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលមានឈ្មោះថាQuad (កិច្ចសន្ទនាសន្តិសុខចតុភាគី) នឹងក្លាយជាប្រធានបទដ៏សំខាន់បំផុត នៅក្នុងរបៀបវារៈអំឡុងជំនួបកំពូលនេះ។
មន្ត្រីដដែលបានលើកឡើងទៀតថា “រដ្ឋាភិបាលក្រុងសេអ៊ូល នឹងរក្សាជំហរថា ប្រទេសកូរ៉េ អាចនឹងចូលរួមជាមួយក្រុមពិគ្រោះយោបល់ ថ្នាក់ពិភពលោកណាមួយ ប្រសិនបើវាស្របតាមគោលការណ៍បើកចំហ ប្រកបដោយបរិយាប័ន និងតម្លាភាពរបស់រដ្ឋាភិបាល”។
បញ្ហាដែលរដ្ឋាភិបាលក្រុងសេអ៊ូល អាចនឹងចូលរួមក្នុងក្រុមសម្ព័ន្ធមិត្ត Quad ដែលបច្ចុប្បន្នរួមមានប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកសង្កេតការណ៍ផ្នែកការទូត ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ។ សម្ព័ន្ធមិត្ត៤ភាគី ឬ Quad នេះត្រូវបានគេមើលឃើញថាជា “សម្ព័ន្ធចិត្តប្រឆាំងចិន” នៅក្នុងតំបន់។
បញ្ហាសហរដ្ឋអាមេរិក ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទៅដល់ប្រទេសផ្សេងៗក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទដ៏សំខាន់ដែរ សម្រាប់ជំនួបកំពូលក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនេះក៏មានសារព័ត៌មានចុះផ្សាយដែរថា បញ្ហាកំណត់យកប្រទេសកូរ៉េខាងត្បូង ធ្វើជាមជ្ឈមណ្ឌលវ៉ាក់សាំង-១៩ ប្រចាំតំបន់អាស៊ី ក៏អាចស្ថិតក្នុងរបៀបវារៈនេះដែរ។
អ្នកជំនាញមួយចំនួនបានលើកឡើងនៅមុននេះថា ប្រទេសកូរ៉េខាងត្បូង ដែលមានទាំងសមត្ថភាព និងកន្លែងផលិតវ៉ាក់សាំងកូវីដ-១៩ គួរតែត្រូវបានកំណត់ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងប្រចាំតំបន់អាស៊ី តាមរយៈការផ្ទេរបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា មន្រ្តីខាងលើបានបញ្ជាក់ជាថ្មីថា របៀបវារៈសម្រាប់ជំនួបកំពូលនេះមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ៕