ដោយ: ប៊ី
ភ្នំពេញ៖ សកម្មភាពអាជីវកម្មបានចាប់ផ្តើមបើកដំណើរការឡើងវិញបណ្តើរៗ ដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន បន្ទាប់ពីផ្អាកមួយរយៈពេលដោយសារការរីករាលដាលនៃវីរុសកូវីដ១៩។
ប្រជាពលរដ្ឋដែលលក់ដូរខុសៗគ្នានៅតំបន់ផ្សារតាប៉ាង បានប្រាប់នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ថា មកដល់ពេលនេះ ពួកគាត់បានបើកដំណើរលក់រយៈពេល៣ថ្ងៃហើយ ដោយអាចរកប្រាក់ចំណូលបានមកវិញ ទោះបីជាមិនសូវដាច់ច្រើនដូចពេលមុនៗយ៉ាងណាក៏ដោយ។
ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ការលក់ក្នុងអំឡុងពេលនេះ គឺផ្តល់ជូនសម្រាប់តែការកម្ម៉ង់និងវេចខ្ចប់ ដោយចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ ឬជិត៨យប់តែប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខាងលើនេះបានអំពាវនាវ និងស្នើរដល់ប្រជាពលរដ្ឋទូទាំងប្រទេសទាងអស់ ចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីឲ្យប្រទេសឈានត្រឡប់មកប្រក្រតីឡើងវិញ ដោយកាត់ផ្តាច់ពីការឆ្លង និងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។
ពាក់ព័ន្ធនឹងការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចំាបាច់ប្រចាំថ្ងៃក្នុងតំបន់លឿងទុំ និងតំបន់លឿង នៃភូមិសាស្រ្តរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ទៀបភ្លឺទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្មនៅម៉ោង២០ជាកំហិត។
ដោយឡែក រាល់សកម្មភាពការងារ មុខរបរនិងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់អាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់លឿងទុំ និងតំបន់លឿង ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង ៣កុំ។
សម្រាប់ខណ្ឌដូនពេញ តំបន់លឿងមានចំនួន ៨សង្កាត់ រួមមាន៖ សង្កាត់ផ្សារថ្មី១ ផ្សារថ្មីទី២ ផ្សារថ្មីទី៣ វត្តភ្នំ ស្រះចក ជ័យជំនះ បឹងរាំង និងសង្កាត់ចតុមុខ។ ដោយឡែក តំបន់លឿងទុំ មានចំនួន ៣សង្កាត់ រួមមាន៖ សង្កាត់ផ្សារចាស់ ផ្សារកណ្តាលទី១ និងសង្កាត់ផ្សារកណ្តាលទី២៕