ដោយៈ ម៉ាណេត
អាមេរិកៈ មន្រ្តីសេតវិមានពីររូបបាននិយាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ថា អ្នកចរចាពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មពិភពលោក លើវិធីនានា ដើម្បីជំនះលើបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងរាំងខ្ទប់ការទទួលបានវ៉ាក់សាំងកូវីដ១៩ ពីការចែកចាយឱ្យបានទូលំទូលាយ នៅទូទាំងពិភពលោក។
សេតវិមានបានរងសម្ពាធពីសមាជិកសភាទាំងរបស់ខ្លួន និងរដ្ឋាភិបាលប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកលែងច្បាប់ប៉ាតង់សម្រាប់វ៉ាក់សាំងកូវីដ១៩ ដូច្នេះបណ្តាប្រទេសក្រីក្រ អាចចាប់ផ្តើមផលិតវ៉ាក់សាំងផ្ទាល់ខ្លួន ដើម្បីចាក់ជូនប្រជាជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ថា ផ្តោតតែលើការចាក់វ៉ាក់សាំងជូនរបស់ពលរ ដ្ឋអាមេរិក ជាពិសេសនៅពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចាប់ផ្តើមមានច្រើនជាងតម្រូវការ និងកម្រិតដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
លោក Ron Klain ប្រធានផ្នែកបុគ្គលិកនៃសេតវិមាន បានមានប្រសាសន៍ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Katherine Tai នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មអំពីវិធី ដែលយើងអាចឱ្យវ៉ាក់សាំងនេះ ចែកចាយបានកាន់តែទូលំទូលាយ ផ្តល់សិទ្ធិ និងចែកចាយកាន់តែទូលំទូលាយ។
លោក Klain និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មានប្រសាសន៍ថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងមានកិច្ចពិភាក្សាបន្ថែមទៀតលើបញ្ហានេះ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Sullivan បាននិយាយថា រដ្ឋបាលសហរដ្ឋបាលសហរដ្ឋអាមេរិក ជឿជាក់ថា ក្រុមហ៊ុនឱសថ “គួរតែផ្គត់ផ្គង់ដល់ខ្នាត និងចែកចាយដល់ពិភពលោកទាំងមូល ដើម្បីកុំអោយមានឧបសគ្គចំពោះមនុស្សគ្រប់គ្នា ដែលទទួលបានការចាក់វ៉ាក់សាំង”។
លោក Klain បាននិយាយថា សហរដ្ឋអាមេរិក បានបញ្ជូនប្រទេសឥណ្ឌានូវវត្ថុធាតុដើមគ្រប់គ្រាន់ដែលខ្លួនត្រូវការ ដើម្បីបង្កើតវ៉ាក់សាំងចំនួន២០លានដូសភ្លាមៗ។ ប្រទេសឥណ្ឌា កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងថ្មីនៃការឆ្លង និងការស្លាប់ ដោយសារជំងឺកូវីដ១៩។
សមាជិកព្រឹទ្ធសភា Bernie Sanders ដែលស្ថិតក្នុងចំណោមក្រុមសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ ដែលកំពុងដាក់សម្ពាធសេតវិមានលើបញ្ហានេះ បាននិយាយថា “នៅពេលដែលជីវិតរាប់លាននាក់ស្ថិតក្នុងគ្រោះថ្នាក់ ក្រុមហ៊ុនថ្នាំត្រូវតែប្រាប់ឬអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានកម្មសិទ្ធិបញ្ញា ដូច្នេះពួកគេអាចផលិតវ៉ាក់សាំង ដែលត្រូវការជាចាំបាច់នៅក្នុងប្រទេសក្រីក្រ”។
លោក Sanders បានមានប្រសាសន៍ថា “វាពិតមិនសមស្រប ដែលប្រទេសអ្នកមាន អាចទទួលបានវ៉ាក់សាំងច្រើន ហើយប្រជាជនរាប់លាន និងរាប់ពាន់លាននាក់នៅក្នុងប្រទេសក្រីក្រ មិនអាចមានលទ្ធភាពទិញវាបាន”៕