ដោយៈម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនធំៗជាច្រើនបាន និងកំពុងចាប់ផ្តើមបង្វែរទិសដៅវិនិយោគ និងការបញ្ជាទិញផ្សេងៗពីមីយ៉ាន់យ៉ា មកកាន់កម្ពុជា បន្ទាប់ពីវិបត្តិរដ្ឋប្រហារយោធា ដែលបានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។
ក្រុមហ៊ុនលក់សម្លៀកបំពាក់រាយ ដែលមានឈ្មោះថា Next របស់អង់គ្លេស បានប្រកាសផ្អាកបញ្ជាទិញសម្លៀកបំពាក់ ពីរោងចក្រនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបង្វែរទិសដៅទិញពីប្រទេសកម្ពុជា បង់ក្លាដែស និងចិន ខណៈក្រុមហ៊ុនអឺរ៉ុប ជាច្រើនទៀតបានធ្វើដូច្នេះ ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
លោក Simon Wolfson នាយកប្រតិបត្តិក្រុមហ៊ុន Next បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្មីៗនេះថា ក្រុមហ៊ុនរបស់លោក នឹងមិនធ្វើការបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា ទៀតឡើយនៅពេលនេះ ហើយនឹងងាកទៅបញ្ជាទិញពីប្រទេសផ្សេងទៀត។
លោកបានបញ្ជាក់ថា “ការបញ្ជាទិញរបស់ក្រុមហ៊ុន Next ដែលធ្លាប់បានទៅលើប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះនឹងត្រូវបានបែងចែករវាង៣ ប្រទេសរួមមានបង់ក្លាដែស កម្ពុជា និងចិន” ។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា មានក្រុមហ៊ុនមកពីប្រទេសមីយ៉ាន់ម៉ា ចំនូន២០បាននិងកំពុងស្វែងទីតាំង ដើម្បីរៀបចំការវិនិយោគនៅខេត្តកំពង់ស្ពឺ។
អភិបាលខេត្តរូបនេះបានមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនខ្លះ គេត្រូវប្ដូរទីតាំងរោងចក្រ ពីប្រទេសភូមាឬមីយ៉ាន់ម៉ាមកកាន់កម្ពុជា ដោយក្រុមហ៊ុនទាំងនោះទើប មកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន២០រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ។
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង២០០គំរោង ក្នុងនោះរោងចក្រ សហគ្រាសកំពុងដំណើការមាន១៥៣រោចចក្រ ហើយរោងចក្រខ្លះទៀតកំពុងងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង១២ម៉ឺននាក់។
លោកបន្តថា “បច្ចុប្បន្នមានរោងចក្រ សហគ្រាស ក៏ដូចជា គម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជា គម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ” ។
លោកវ៉ី សំណាង បានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងទាំងអស់នៅតែដើរដដែល មិនទាន់មានគម្រោងណាមួយបិទនៅឡើយនោះទេ ទោះកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដក្តី៕