ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ទុកសមត្ថភាពរបស់ស្ថាបត្យករ និងវិស្វករក្នុងប្រទេស ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការអនុវត្តស្របតាមច្បាប់សំណង់ គឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធី បើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់លើកទី៤ ជូនក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវន្ដបុគ្គលសិក្សាគម្រោងប្លង់កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជំរុញឱ្យក្រុមហ៊ុនសាងសង់ ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នា។
លោកបន្តថា “រាល់ការដ្ឋាននីមួយៗត្រូវមានវិស្វករ ឬស្ថាបត្យករប្រចាំការដ្ឋានយ៉ាងតិច២នាក់ ដោយយើងបានគាំទ្រ ដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអនុវត្តន៍ច្បាប់ស្តីពីសំណង់ និងច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ដើម្បីប្រមូលបាននូវធនធានមនុស្ស ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់អំពី ច្បាប់សំណង់ដែលចាត់ទុកថា ជាសមិទ្ធផលរួមរបស់ជាតិ និងប្រជាជនបានខិតខំកសាងធនធានមនុស្សនេះ រយៈពេល៤១ឆ្នាំកន្លងមក។ រាល់ចំណេះដឹង និងវិជ្ជាជីវៈពិតប្រាកដដ៏កម្រនេះ ចាត់ទុកថាយើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់ រ៉ាប់រងវិសាលភាពការងារ ហើយក៏មិនចាញ់ស្ថាបត្យករឬវិស្វករមកពីបរទេសនោះដែរ។
ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ត្រូវចូលរួមគាំទ្រនូវច្បាប់ស្តីពីសំណង់ឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់។ ការចូលរួមទទួលការបណ្តុះបណ្តាល គឺដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះ និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួមវគ្គផ្សព្វផ្សាយ ដែលជាសារជាសារវន្តនៃច្បាប់សំណង់ បានកំណត់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។
ក្រោយពេលក្រសួងបានរៀបចំផ្សព្វផ្សាយនូវច្បាប់សំណង់ ដែលមានលក្ខណៈគ្រប់គ្រាន់ ទូលំទូលាយរួចរាល់ មន្ត្រីជំនាញរបស់ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិការកិច្ចសំណង់នៅតាមបណ្តាការដ្ឋាន ហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់៕