ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា នៅត្រឹមពាក់កណ្ដាលខែឧសភានេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា វ៉ាក់សាំងចំនួន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១១ និងចំនួន៥០ម៉ឺនដូសទៀត នឹងមកដល់នៅថ្ងៃទី១៥ ខែឧសភានេះ។ សម្ដេតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភថាខ្វះខាតវ៉ាក់សាំងនោះ និងកុំប្រជ្រៀតទៅចាក់វ៉ាក់សាំង ដែលទង្វើនេះ គឺនាំឱ្យមានហានីភ័យនៃការឆ្លងជំងឺកូវីឌ-១៩ទៅវិញទេ។
ប្រទេសកម្ពុជា មកដល់ពេលនេះ ទទួលបានវ៉ាក់សាំង ចំនួនជិត៤លានដូសរួចមកហើយ ដែលភាគច្រើនបំផុត ជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន រួមមាន ស៊ីណូហ្វាម ជាជំនួយរបស់ចិន ចំនួន១.៣លានដូស ស៊ីណូវ៉ាក់ចំនួន២លានដូស ទិញពីចិន និងវ៉ាក់សាំងកូវីស៊ៀល ជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ចំនួន៣២ម៉ឺន៤ពាន់ដូស។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល មកទល់ពេលនេះ ប្រជាពលរដ្ឋ ប្រមាណជាង១លាន៥សែននាក់ហើយ បានចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀថា កម្ពុជា នឹងទទួលបានវ៉ាក់សាំង ចំនួនជាង១០លានដូស នៅក្នុងឆ្នាំនេះ ដែលនឹងមកដល់ជាបន្តបន្ទាប់ក្នុងខែឧសភា ចំនួន១លាន ៥សែនដូស, ខែមិថុនា ចំនួន៣លាន ដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស៕