ដោយៈសហការី
ភ្នំពេញៈ ក្រុមហ៊ុនបុរីប៉េង ហួតគ្រុបបានឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដោយ៥ម៉ឺនដុល្លារជួយដល់ក្រមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង៥ម៉ឺនដុល្លារទៀតសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ១៩។
ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ក្នុងនោះថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការស្បៀងជាចាំបាច់។
កន្លងមកថ្មីៗដែរ ក្រុមហ៊ុនប៉េង ហួតគ្រុប ក៏បាននាំយកនូវគ្រឿងឧបភោគ និងបរិ ភោគដែលមាន អង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ ចែកជូនដល់បងប្អូនកម្មករជាង៧០០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនកម្មករគ្រប់ការដ្ឋាន របស់ក្រុមហ៊ុនក្នុងតំបន់នានាក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។
ដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្ដិយស បានចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) សម្រាប់ដូសទី២ ជូនដល់ប្រជាពលរដ្ឋសរុបប្រមាណជិត ៦០០០នាក់ ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ នៅក្នុងគម្រោងរបស់ខ្លួន មជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។
ចំពោះសកម្មភាពចែករំលែកទាំងអស់នេះ លោកចាន់ រដ្ឋា តំណាងក្រុមហ៊ុនបានលើកឡើងថា “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ”។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងកម្លាំង និងអជ្ញាធរដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ ដោយមិនគិតពីភាពនឿយហត់ ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលការចាក់វ៉ាក់សាំង និងចុងក្រោយសូមថ្លែងអំណរគុណដល់ភាពអំណត់របស់បងប្អូនកម្មករ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ហើយក៏សូមបន្តចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឲ្យបានខ្ជាប់ខ្ជួន យើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា។
កន្លងមកគេសង្កេតឃើញថា ក្រុមហ៊ុនមួយនេះតែងតែចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្មមនុស្សធម៌ជួយដល់ប្រជាជន និងសង្គមជាតិគ្រប់កាលៈទេសៈ៕