ការបើកការធ្វើដំណើរក្រុងភ្នំពេញ និងក្រុងតាខ្មៅជាពេលវេលាដែលប្រជាពលរដ្ឋត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ខ្លួន

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ការបើកទូលាយសម្រាប់ការធ្វើដំណើរនៅក្រុងភ្នំពេញ និងក្រុងតាខ្មៅ និងអនុញ្ញាត្តឲ្យអ្នកនៅតាមបណ្តាខេត្តចូលក្រុងភ្នំពេញ លើកលែងតែតំបន់ “ក្រហម”ជាពេ​លវេលា ដែលប្រជាពលរដ្ឋត្រូវពង្រឹងការទទួលខុសត្រូវរបស់ខ្លួន។

សម្តេចតេជោហ៊ុន សែននាយករដមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ឧសភានេះថា ប្រជាពលរដ្ឋជាង១,៥លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង១លានដូសទៀតនឹងមកដល់នៅថ្ងៃទី១១ និង១៥ ឧសភាខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចបង្ហើបថា ចំនួនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមានហានិភ័យនៃការរីករាលដាលជំងឺកូវីដខ្លាំង ចំនួន៥២ម៉ឺននាក់ ត្រូវទទួលបានការចាក់វ៉ាក់សាំងបន្តបន្ទាប់ ខណៈវ៉ាក់សាំងដែលមានស្រាប់ជាង៩០ម៉ឺនដូស មិនអាចបំពេញតាមតម្រូវការបាន ប៉ុន្តែការមកដល់នៃវ៉ាក់សាំងថ្មី នឹងត្រូវផ្តោតលើតំបន់ប្រឈមហានិភ័យខ្លាំងនេះជាមុន។

រដ្ឋាភិបាលនឹងអនុញ្ញាត្ត ឲ្យប្រជាពលរដ្ឋចេញចូលក្រុងតាខ្មៅ និងក្រុងភ្នំពេញ លើកលែងតែតំបន់ក្រហម ចាប់ពីម៉ោង០០នាថ្ងៃទី៥ ថ្ងៃសភានេះ។

ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ

ការទទួលខុសត្រូវក្នុងនាមប្រជាពលរដ្ឋចំពោះខ្លួនឯង គ្រួសារ​សហគមន៍ និងសង្គ​ម​ជាតិពិតជាមានសារៈសំខាន់ណាស់ ដែលពួកគេគួរតែចាក់វ៉ាក់សាំងបង្ការជំងឺនេះ ការមិនធ្វើដំណើរចេញពីតំបន់ហាមឃាត់ ពិសេសតំបន់ក្រហម ពិសេសការអនុវត្តន៍តាមវិធាន​ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

ចំណុចពិសេសមួយទៀត គឺកុំចេញពីផ្ទះនៅពេលមិនចាំបាច់ ហើយបើដឹងខ្លួនឯងមានឬសង្ស័យកើតជំងឺនេះ ត្រូវតែធ្វើចត្តាឡីស័ក​ខ្លួនឯង ដាច់ដោយឡែកពីគេ ដើម្បីបង្ការកុំឲ្យឆ្លងទៅអ្នកដទៃ ដែលត្រូវប្រឈមមុខនឹង ការពិន័យជាប្រាក់ និងប្រឈមមុខនឹងជាប់ពន្ឋធនាគារ។

លោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍កាន់តែច្រើន ដោយសារការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត ហេតុនេះលោកស្រីអំពាវនាវយ៉ាងទទូច ឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រីបានមានប្រសាសន៍ថា “ប្រសិនជាខ្ញុំអាចចូលរួមជំនួសប្រជាពលរដ្ឋ ក្នុងការស្នាក់នៅផ្ទះ ដើម្បីបង្ការជំងឺកូវីដ ខ្ញុំនឹងចូលរួម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here