ក្រុមហ៊ុន Nissan គ្រោងលក់ភាគហ៊ុនរបស់ខ្លួនដើម្បីទប់ហានិភ័យនៃការខាតបង់ធ្ងន់ធ្ងរ

0

ដោយៈឧត្តម

ហ្សាការតា:  ក្រុមហ៊ុន Nissan កាលពីថ្ងៃពុធ ទី៥ ឧសភា បានប្រកាសលក់ភាគហ៊ុនទាំង១,៥៤%របស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស របស់អាល្លឺម៉ង់ Daimler ក្នុងតម្លៃ១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ ឧសភា។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្ដារប្រាក់ចំណេញ និងស្ដារកេរ្ដិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ក្រោយលោកCarlos Ghosn នាយកប្រតិបត្តិរបស់ខ្លួន បានចុះចេញពីតំណែង ហើយបច្ចុប្បន្នអតីតនាយកប្រតិបត្តិរូបនេះកំពុងមានទោស និងរត់គេចខ្លួន។

ក្រុមហ៊ុននេះនិយាយថា ការដកទុនវិនិយោគនេះ នឹងអនុញ្ញាតឱ្យខ្លួន”ពង្រឹងបន្ថែមទៀត និងបង្កើនការប្រកួតប្រជែងរបស់ខ្លួនក្នុងអាជីវកម្ម”។

ក្រុមហ៊ុននេះនិយាយទៀតថា ប្រតិបត្តិការឧស្សាហកម្មរបស់ខ្លួន ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់Daimler នៅតែរក្សាទុកមិនផ្លាស់ប្ដូរទេ ហើយថា “ក្រុមហ៊ុនទាំង២នៅតែបន្តធ្វើសហប្រតិបត្តិការក្នុងវិស័យជាច្រើន”។

កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តបារាំងRenault ក៏បានប្រកាសលក់ភាគហ៊ុនទាំង១,៥៤%របស់ខ្លួននៅក្នុងក្រុមហ៊ុនDaimler ផងដែរ ខណៈក្រុមហ៊ុនផលិតរថយន្តបារាំង មួយនេះ បានរងការខាតបង់ធ្ងន់ធ្ងរ មិនធ្លាប់មាននៅក្នុងឆ្នាំ២០២០ ដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្រុមហ៊ុន Nissan បានធ្វើការព្យាករណ៍ជាថ្មី សម្រាប់រយៈពេលមួយឆ្នាំនេះថា ខ្លួននឹងទទួលរងការខាតបង់ ប្រាក់សុទ្ធរហូតដល់៥៣០ពាន់លានយ័ន (៤,៨ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធគិតត្រឹមខែមីនា គឺទាបជាងការព្យាបាលលើកមុន។

ក្រុមហ៊ុន Nissan ដែលនៅតែរក្សាភាពជាដៃគូ សហការជាមួយក្រុមហ៊ុន Renault និងក្រុមហ៊ុនMitsubishi នឹងប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំឆ្នាំ របស់ខ្លួននៅសប្ដាហ៍ក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here