សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្ម ក្រោយវិបត្តិកូវីដ១៩ ធូរស្រាល

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មឱ្យសម្រេចបានក្នុងឆ្នាំនេះ ដើម្បីដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្ម  បន្ទាប់វិបត្តិកូវីដ១៩ មានភាពធូរស្រាល។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សភាពាណិជ្ជកម្មកម្ពុជាបានដាក់សំណើរទៅក្រសួងយុត្តិធម៌ ដើម្បីពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មមុនព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ប៉ុន្តែបន្ទាប់មកព្រឹត្តិការណ៍បានកើតឡើង ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មនេះ។

លោកឧកញ៉ាបានថ្លែងបន្តថា រហូតពេលនេះ ដំណើរការនៃការបង្កើតតុលាការនេះមិនទាន់ចេញជារូបរាងឡើយទេ ដោយសារតែវិបត្តិកូវីដ១៩ និងការកាត់បន្ថយចំនួនមន្ត្រីធ្វើការនៅពាក់ព័ន្ធ ដែលបណ្តាលមានឱ្យការរាំងស្ទះការងាររៀបចំតុលាការនេះ។

លោកឧកញ៉ាបានលើកឡើងថា នៅពេលស្ថានវិបត្តិកូវីដ១៩ មានភាពធូរស្រាល យើងនិងក្រសួងពាក់ព័ន្ធនឹងជំរុញការពន្លឿនការងារនេះឱ្យបានលឿន ដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្មជាដើម។

លោកឧកញ៉ាបានលើកឡើងថា ឧទាហរណ៍ សមាជិកសភាពាជ្ជកម្មកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៍បុរី ជួបនឹងបណ្តឹងដោយមិនសមហេតុផល វាអាចធ្វើឱ្យរាំងស្ទះដល់គម្រោងនេះដែរ។

លោកឧកញ៉ាបានថ្លែងថា “នេះគឺជាអ្វីដែលយើងខ្លាចបំផុត ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហានេះ យើង ក្នុងនាមជាវិស័យឯកជន ចូលរួមពង្រឹងផ្នែកច្បាប់នេះ ហើយការកាត់ក្តីប្រកបដោយតម្លាភាព និងបច្ចេកទេសផ្នែកពាណិជ្ជកម្មផង ព្រោះកន្លងមក មានវិវាទអាជីវកម្មគឺត្រូវប្តឹងឡើងតុលាការទូទៅ ដូច្នេះវាមានភាពច្របូកច្របល់ ហើយរួមផ្សំជាមួយនឹងតុលាការខិលខូចមួយចំនួនតូច វាអាចបង្កជាបញ្ហា បង្កឱ្យក្តីនេះជាប់គាំងរាប់សិបឆ្នាំក៏មានដែរ”។

លោកបានឱ្យដឹងថា “យើងចង់បានតុលាការពាណិជ្ជកម្មមួយ ដែលដឹកនាំដោយប្រធានតុលាការ ដែលមានភាពយុត្តិធម៌ និងតម្លាភាព ហើយវាជាការទាក់ទាញវិនិយោគផងដែរ ប្រសិនបើយើងមានការអនុវត្តច្បាប់ត្រឹមត្រូវ ហើយវិនិយោគិនមិនមានការភ័យខ្លាចនឹងការដាក់ទុនកម្ពុជានោះទេ និងវាថែមបង្កើតទំនុកចិត្តដល់វិនិយោគិនផងដែរ”។

លោកស៊ាង ថៃរដ្ឋលេខាធិការ និង​ជា​មន្រ្តី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មមិនអាចសុំធ្វើការអត្ថាធិប្បាយបាននោះទេ ទាក់ទងនឹងដំណើរការនៃការរៀបចំតុលាការនេះ ដោយលើកឡើងថា កំពុងជាប់ប្រជុំ។

កាលពីដើមឆ្នាំនេះ ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការរៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ ដោយ​មាន​សមាសភាព​មន្ត្រីជំនាញច្បាប់ ដែល​ពាក់ព័ន្ធចំនួន២០រូប។ នេះបើតាម​សេចក្តីសម្រេច​​របស់​ក្រសួង​យុត្តិ​ធម៌​នៅថ្ងៃទី២១​មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ​ត្រូវបានគេរំពឹងថា ជាយន្តការមួយ​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​មកកម្ពុជាបន្ថែមទៀត។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ត្រូវបានដកស្រង់សម្តីចេញកាសែភ្នំពេញប៉ុស្តិ៍កាលពីដើមឆ្នាំនេះ ដោយបានលើកឡើង​ថា បើតាម​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ​កម្ពុជា​ឆ្នាំ​២០១៤ ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវបាន​បង្កើតឡើង​ហើយ​រួម​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី​។ ប៉ុន្តែ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ មិនទាន់​អាចដាក់​ដំណើរការបាន​ដោយសារ​ខ្វះខាត​ធនធាន​មួយចំនួន ខណៈ​ក្រសួង​ជាប់​ធ្វើ​ការងារ​អាទិភាព​មួយចំនួន​។

លោក​បាន​ថ្លែងថា​ “​ទើបតែ​មក​ដល់​ពេល​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តមរដ្ឋមន្ត្រី​ថ្មី​គាត់​យកចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​ម៉េច​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​តុលាការ​ទាំង​២ ​នេះ​តាមច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​ចាត់តាំង​តុលាការ​របស់​យើង​​ឱ្យបាន​ក្នុង​ដំណាច់ឆ្នាំ​ ២០២១ ​នេះ​»​។

លោក​បន្តថា តុលាការ​ទាំង​ ២ ​នេះ​មិន​ស្ថិតនៅ​ដាច់ដោយឡែក​ពី​តុលាការ​ធម្មតា​ដែល​មាន​ស្រាប់​នោះទេ គ្រាន់តែ​ចែកជា​ជំនាញ ដោយ​មាន​ការបែងចែក​ចៅក្រម​ជំនាញ​ទៅ​តាម​ជំនាញ ហើយ​បែងចែក​សំណុំរឿង​ទៅតាម​ប្រភេទ​សំណុំ​រឿង​។ កាលពី​កន្លងទៅ​សំណុំរឿង​វិវាទ​ពាណិជ្ជកម្ម និង​សំណុំ​វិវាទ​ការងារ​ត្រូវបាន​ដោះស្រាយ​ដោយ​តុលាការ​រដ្ឋប្បវេណី​។ ក្រោយពេល​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវ​បាន​ដាក់​ដំណើរការ សំណុំរឿង​បែបនេះ​លែង​ចូលទៅ​តុលាការ​រដ្ឋប្បវេណី​ទៀតហើយ​។

លោក​ថ្លែងថា​ “​ការបង្កើត​តុលាការ​ការងារ​នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​សំណុំរឿង​។ អ្នក​ដែល​ត្រូវ​ដោះស្រាយ​គាត់​មាន​ជំនាញ​ច្បាស់លាស់ ហើយ​គាត់​ទទួលបន្ទុក​តែ​សំណុំរឿង​នោះទេ មិនចាំបាច់​ទទួលបន្ទុក​សំណុំរឿង​ជាច្រើន​ដែល​ធ្វើឱ្យ​គាត់​មាន​ការលំបាក និង​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការស្រាវជ្រាវ​។ វា​ក៏​ចូលរួម​ក្នុងការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ផងដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here