សម្ដេចតេជោដាក់ចេញបទបញ្ជាឱ្យអភិបាលខេត្តនានាកែសម្រួលវិធានការធ្វើចត្តាឡីស័កលើការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ

0

ដោយៈ លក្ខិណា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាជាបន្ទាន់ឱ្យអភិបាលខេត្តត្រូវពិនិត្យនិងកែប្រែឡើងវិញចំពោះ សេចក្តីសម្រេចរឹតបន្តឹងជ្រុលចំពោះពលរដ្ឋត្រលប់ចូលខេត្តវិញ ។

សាររបស់សម្ដេចបានប្រកាសជាបន្ទាន់ក្រោយពេលអភិបាលខេត្តមួយចំនួនបានប្រកាសតម្រូវឱ្យពលរដ្ឋចូលក្នុងខេត្តរបស់ខ្លួនធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ។សម្ដេចមានប្រសាសន៍ថា ការធ្វើបែបនេះគឺវាមិនខុសពីការការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ ហើយដូចជាបិទប្រទេសបិទក្រុងបិទតំបន់និងហាក់បីដូចជាពលរដ្ឋឆ្លងប្រទេសទៅប្រទេសមួយទៀតអញ្ចឹងដែរ ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា យើងត្រូវបន្តគ្រប់គ្រងនិងធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យថាមានហានិភ័យថាមានផ្ទុកកូវីដ១៩ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក តែមិនមែនធ្វើចំពោះពលរដ្ឋដែលឆ្លងខេត្តចំពោះខ្លួននោះទេ។ សម្ដេចមានប្រសាសន៍ថា “ខេត្តណាដែលបានចេញសេចក្តីសម្រេចហើយ សូមកែប្រែសេចក្តីសម្រេចនោះជាបន្ទាន់និងឱ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែនសំដៅ មិនឱ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាកនិងនាំទៅដល់ការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ”។

សម្ដេចមានប្រសាសន៍បន្ថែមថា បើសិនជាខេត្តនោះតម្រូវឱ្យអ្នកចូលខេត្តខ្លួនធ្វើចត្តាឡីស័កហើយខេត្តផ្សេងៗធ្វើដូច្នេះដែរ បើអញ្ចឹងមិនបាច់រកស៊ីអីទេ ចត្តាលីស័ក១៤ថ្ងៃ គឺខាតពេលខាតវេលារកស៊ីហើយក៏មិនខុសពីការបិទប្រទេសឡើងវិញដែរ និងធ្វើឱ្យគាំងក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋជាដើម ។

កាលពីព្រឹកមិញនេះ មានខេត្តពីរបានប្រកាសតម្រូវឱ្យអ្នកដែលចូលខេត្តខ្លួនត្រូវធ្វើចត្តាឡីស័ក១៤គឺខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដូច្នេះសម្ដេចបញ្ជាឱ្យខេត្តទាំងពីរនេះ កែសម្រួលសេចក្តីសម្រេចរបស់ខ្លួន ដែលអាចធ្វើឱ្យសេចក្តីសម្រេចនេះជ្រុលហួសនាំទៅដល់ការរំខានដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សេដ្ឋកិច្ចបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here