រឿងសំខាន់ៗចំនួន៣ដែលអ្នកត្រូវដឹងនៅពេលជំងឺកូវីដបញ្ចប់នាពេលខាងមុខ

0

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា រឿងសំខាន់ៗជាច្រើន ដែលអ្នកត្រូវដឹងក្រោយពេលបញ្ចប់វិបត្តិកូវីដ១៩ ដែលវាមានជាប់ពាក់ព័ន្ឋនឹងគុណភាពជីវិតរបស់អ្នក ទាំងប្រាក់ចំណូល និងផែនការវិនិយោគ។

អ្នកវិភាគនៅក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចបានលើកឡើងថា ជំងឺកូវីដមិនត្រឹមតែប៉ះពាល់លើវិស័យអចលនទ្រព្យទេ គឺគ្រប់វិស័យទាំងអស់ ដែលជំងឺកូវីដបានជះឥទ្ឋិពល ទៅលើបញ្ហាសេដ្ឋកិច្ចចំពោះគ្រួសារ ក្នុងប្រទេស ឬពិភពលោកទាំងមូល ពោលគឺជំងឺនេះបានឲ្យយើងដឹងថា “អ្វីដែលយើងមានគឺខ្លួនយើង និងគ្រួសាររបស់យើង”។

“អ្វីសំខាន់បំផុតគឺការមិនដាក់ស៊ុត ក្នុងកន្រ្តកតែមួយ មានន័យថា យើងត្រូវធ្វើពិពិធកម្ម ដើម្បីបញ្ចៀសហានិភ័យ។ ដូច្នេះបើយើងវិនិយោគ គឺមិនត្រូវវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់ទេ”។ លោកស្រីបន្តថា “បើវិនិយោគលើវិស័យស​ណ្ឋាគារ យើងមិនត្រូវវិនិយោគតែលើវិស័យនេះមួយទេ ព្រោះបើយើងវិនិយោគលើវិស័យតែមួយ បើវាដួលគឺដួលទាំងអស់ នេះជាអ្វីដែលជំងឺកូវីដបានបង្រៀនយើង ពីភាពបត់បែនក្នុងការវិនិយោគ”។លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបញ្ជាក់ឲ្យដឹង។

លោកស្រីអាន សុធីបានបន្ថែមថា ជាមួយគ្នានេះ យើងក៏មិនត្រូវវិនិយោគរហូតដល់អស់លុយពីក្នុងខ្លួននោះទេ គឺយើងត្រូវតែមានលុយត្រៀម សម្រាប់បង្ការហានិភ័យណាមួយកើតឡើង ព្រោះយើងមិនដឹងថាមានអ្វីនឹងកើតឡើងនោះទេ។

លើសពីនេះ លោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនគួរស្វែងរកឬបង្កើតឲ្យមានចំណូលទី២ ក្នុងជីវិតរបស់ខ្លួនបន្ទាប់ពីវិបត្តិជំងឺកូវីដ ព្រោះការមានប្រភពចំណូលតែមួយ នឹងបង្កហានិភ័យដល់ខ្លួនឯង និងគ្រួសាររបស់ខ្លូននៅពេលមានវិបត្តិកើតមានឡើង ដូចជាវិបត្តិជំងឺកូវីដជាដើម។

បញ្ហាពិតប្រាកដបាន និងកំពុងកើតមានលើគ្រួសារខ្មែរ ដែលពឹងផ្អែកលើប្រភពចំណូលតែមួយ ដោយសារការពឹងផ្អែកលើប្រាក់ខែនៅស្ថាប័នណាមួយ ឬក្រុមហ៊ុនណាមួយ នៅពេលក្រុមហ៊ុននោះបិទទ្វារ ឬក្ស័យទុន នឹងធ្វើឲ្យយើងមានបញ្ហាលំហូរសាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here