ដោយៈ វឌ្ឍនៈ
ភ្នំបេញៈ ក្រោយវិបត្តិជម្ងឺរាតត្បាតកូវីដ១៩ ចំពោះប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនានាលើសកលលោក ប្រជាពលរដ្ឋ ដែលបានទទួលរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយសារវិបត្តិនេះ គេរំពឹងថានឹងចេញដើរលេងធ្វើដំណើរកម្សាន្តដ៏ច្រើនឡើងវិញ នៅពេលដែលសង្គមជាតិវិលរកភាពប្រក្រតីដូចដើម។
ចំពោះវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ នឹងអាចមានសន្ទុះរីកចម្រើន ខ្លាំងជាងគេវិញ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួន។ អនុវិស័យមួយចំនួនក្នុងឧស្សាហកម្មទេសចរណ៍ទាំងមូល ដូចជាភោជនីយដ្ឋាន ក្រុមហ៊ុនទេស ចរណ៍ ការដឹកជញ្ជូនទេសចរ និងសេវាកម្មស្នាក់នៅ ជាដើមត្រូវបានគេរំពឹងថានឹងងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិជម្ងឺឆ្លងនេះ។
មនុស្សនឹងចាប់ផ្តើមធ្វើដំណើរដ៏ច្រើនឡើងវិញ!
ជាងមួយឆ្នាំចុងក្រោយនេះ អ្វីដែលប្រជាពលរដ្ឋទូទៅនៅគ្រប់ ទីកន្លែងក្នុងប្រទេស នឹកស្រមៃចង់ធ្វើមុនគេ និងខ្លាំងជាងគេ គឺការចង់ចេញដើរហើរ ការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ និងការចង់ធ្វើដំណើរកម្សាន្តឡើងវិញ។
យោងតាមអង្គការទេសចរណ៍ពិភពលោក ទេសចរណ៍គឺជាវិស័យដែលត្រូវបាន ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ក្នុងចំណោមសកម្មភាពសេដ្ឋកិច្ចនានា នៅលើពិភពលោក។ ដោយសារតែវិស័យទេសចរណ៍ មានលក្ខណៈជាប្រព័ន្ធ ផលប៉ះពាល់អវិជ្ជមានពីcovid-19 មិនបានជះមកលើ តែមូលដ្ឋានអាជីវកម្មណាមួយជាក់លាក់ឡើយ គឺប្រព័ន្ធទាំងមូលតែម្តង ដែលត្រូវបានទទួលរងនូវផលប៉ះពាល់ទាំងនោះ។
ការសិក្សាមួយបានបង្ហាញថា មានតែទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះដែលអាចស្តារឧស្សាហកម្មទេសចរណ៍ទាំងមូលបាន (Seeler & Lueck, 2020)។ ការសិក្សាផ្សេងទៀត ក៏បានបង្ហាញពីការដើរតួយ៉ាងសំខាន់នៃធនធានធម្មជាតិ (Nature-Based Resources) និងសកម្មភាពខាងក្រៅផ្សេងៗទៀត (Outdoor activities) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាធាតុផ្សំយ៉ាងសំខាន់បំផុត សម្រាប់សកម្មភាពទេសចរណ៍ភ្លាមៗក្រោយវិបត្តិជម្ងឺឆ្លងដ៏កាចសាហាវនេះ (Hussain & Fusté-Forné, 2021។
ដូចទៅនឹងការសិក្សាមួយចំនួនខាងលើ ដែលអាចនាំឱ្យនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ជឿជាក់ថា វិស័យទេសចរណ៍ក្នុងស្រុកនៅក្នុងព្រះរាជាណា ចក្រកម្ពុជានឹងមានការកើនឡើងយ៉ាងឆាប់រហ័សបំផុត ប្រៀបទៅនឹងទំរង់អក្សរ «V» ដែលទម្រង់នេះ បង្ហាញពីស្ថានភាពទេសចរណ៍មានការធ្លាក់ចុះខ្លាំង ប៉ុន្តែស្ថានភាពនេះក៏នឹងត្រូវហក់ឡើងវិញដ៏ខ្លាំងក្លាផងដែរ។
ប្រជាពលរដ្ឋខ្មែ នឹងធ្វើដំណើរកម្សាន្តយ៉ាងច្រើន ចេញពីកន្លែងដែលខ្លួនកំពុងរស់នៅសព្វថ្ងៃ ក្នុងចំណោមការធ្វើដំណើរកម្សាន្តយ៉ាងគំហុក របស់ទេសចរជាតិខ្មែរយើងឆាប់ៗនាពេលខាងមុខនេះ។ គេរំពឹងថានឹងមានភ្ញៀវមិនតិចទេ ដែលនឹងកក់បន្ទប់ស្នាក់នៅក្នុងអំឡុងនៃការធ្វើដំណើរកម្សាន្តរបស់ពួកគេ។ ដូចទស្សនៈដែលបានលើកឡើងរបស់លោក James (2003) ដែលបានធ្វើការណែនាំមកថា មនុស្សមានតម្រូវការ «ស្នាក់នៅ» ចាំបាច់បំផុត នៅពេលធ្វើដំណើរចេញពីផ្ទះរបស់ពួកគេ ពេលទៅដល់ទីកន្លែងណាមួយក្នុងគោលបំណងលំហែរកម្សាន្ត ឬធ្វើជំនួញ។
ក្រៅពីសេវាកម្មស្នាក់នៅ សណ្ឋាគារក៏ផ្តល់នូវសេវាកម្មដទៃទៀត ដែលមនុស្សត្រូវការដើម្បីកម្សាន្តសប្បាយដូចជា ការជួបជុំមិត្តភក្តិបងប្អូន ដើម្បីលេងក្នុងសួនទឹកកម្សាន្ត ការញ៉ាំម្ហូបអាហារក្នុងសណ្ឋាគារ ការចូលលេងក្នុងមណ្ឌលកម្សាន្ត សម្រាប់មនុស្សពេញ វ័យដែលមាននៅតាមសណ្ឋាគារធំៗខ្លះ និងសេវាកម្មផ្សេងៗទៀតដែលមានបម្រើក្នុងវិស័យស្នាក់នៅ។
ស្របពេលនឹងការធុញទ្រាន់ មួយរយៈនៃការអត់ធ្មត់ «នៅផ្ទះ» ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ នោះ ពលរដ្ឋខ្មែរជាច្រើនត្រូវបានគេរំពឹងថា នឹងចេញធ្វើដំណើរដ៏ច្រើន នៅពេលមានការបើកឡើងវិញនូវការធ្វើដំណើរដោយសេរី។
ហេតុផលនេះ អាចជាតម្រុយមួយនៃតម្រូវការនៃការស្នាក់នៅ ដែលមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងប្រតិបត្តិករដែលបម្រើសេវាកម្មស្នាក់នៅ គួរត្រៀមខ្លួនក្នុងការចាប់យកឱកាស នៃការចេញធ្វើដំណើររបស់ពលរដ្ឋខ្មែរ ក៏ដូចជា ទេសចរផ្ទៃក្នុងនាពេលឆាប់ៗខាងមុខនេះ។
មិនតែប៉ុណ្ណោះ ក្នុងរយៈពេលជិតពីរឆ្នាំនេះ ស្ថានភាពធម្មតាបែបថ្មីក៏បានបង្រៀនមនុស្សឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការរស់នៅ ការចិញ្ចឹមជីវិត និងការប្រាស្រ័យទាក់ទង។ ចំណេះដឹង និងជំនាញនៃការប្រើប្រាស់បច្ចេកវិទ្យានេះ ក៏សម្រួលបន្ថែមដល់ភ្ញៀវទេសចរជាតិ ក្នុងការកក់បន្ទប់ស្នាក់នៅ និងការចំណាយនានាក្នុងវិស័យទេសចរណ៍ តាមបែបអេឡិចត្រូនិច។
ក្នុងន័យនេះ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យស្នាក់នៅគួរត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជានិន្នាការរបស់ ភ្ញៀវទេសចរជាតិក្នុងបរិបទដ៏ទំនើបជឿនលឿននេះ។
ពលរដ្ឋខ្មែរនឹងចេញញ៉ាំអាហារឆ្ងាញ់ៗយ៉ាងច្រើន!
គេរំពឹងថាទេសចរជាតិ នឹងចេញធ្វើដំណើរ ដើម្បីទទួលទានម្ហូបអាហារឆ្ងាញ់ៗយ៉ាងច្រើនកុះករក្រោយវិបត្តិcovid-19។
ដោយសារពលរដ្ឋខ្មែររាប់លាននាក់ ពិសេសក្នុងតំបន់បិទខ្ទប់ត្រូវបាន ហាមឃាត់នូវការជួបជុំ និងការធ្វើដំណើរ ពួកគេនឹកស្រមៃនឹងដើរហើរញ៉ាំអាហារឆ្ងាញ់ៗ និងផឹកស៊ី ប្រកបដោយភាពសប្បាយរីករាយឡើងវិញជាពុំខាន។
ការសិក្សាបង្ហាញថាម្អូបអាហារ គឺជាធាតុផ្សំមួយនៃបទពិសោធន៍ របស់ភ្ញៀវទេសចរ ក៏ដូចជារបៀបរបបនៃការរស់នៅ (Lifestyles) បែបទាន់សម័យផងដែរ (Michael & Liz, 2003)។
ហេតុផលដ៏សំខាន់នេះហើយ ដែលប្រតិបត្តិករទេសចរណ៍ ជាពិសេសភោជនីយ ដ្ឋានគួរត្រៀមរួចរាល់ ដើម្បីបម្រើសេវាកម្មរបស់ខ្លួនដល់ទេសចរជាតិ ដែលនឹងគ្រោងធ្វើដំណើរចេញក្រៅពីតំបន់ ដែលពួកគេកំពុងរស់នៅ ដើម្បីចូលបរិភោគម្ហូបអាហារដូចការគ្រោងទុករបស់ពួកគេ។
ការដឹកជញ្ជូនទេសចរនឹងមានភាពមមាញឹកឡើងវិញ
ថ្វីត្បិតតែក្រុមគ្រួសារខ្លះមានរថយន្តផ្ទាល់ខ្លួន គេនៅតែជឿថាការធ្វើដំណើរទេស ចរណ៍ជាក្រុមៗ ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងទៀត នឹងមានភាពមមាញឹកឡើងវិញ។ ដោយមានការហាមប្រាមមិនឱ្យជួបជុំ ឬធ្វើដំណើរជាក្រុមអស់មួយរយៈកន្លងមក គេអាចគិតទុកមុនបានថា ការធ្វើដំណើរជាលក្ខណៈទ្រង់ ទ្រាយធំនឹងកើតឡើងវិញ ដូចជាការធ្វើដំណើរ តាមរយៈរថយន្តក្រុងទេសចរណ៍ ទូកទេសចរណ៍ទាំងរដ្ឋ និងឯកជន និងការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុកជាដើម។
ការចុះកម្មសិក្សា និងទស្សនៈកិច្ចសិក្សា តាមរថយន្តក្រុងរបស់សិស្សនិស្សិត តាមវិទ្យាល័យឬសាកលវិទ្យល័យ អាចជាឧទាហរណ៍មួយ ដែលគេនឹងឃើញមានសារជាថ្មីផងដែរ។
បន្ថែមពីនេះទៀត ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក (ភ្នំពេញ-សៀមរាប- ព្រះសីហនុ) ដែលជាការធ្វើដំណើររបស់អ្នកជំនួញ ថ្នាក់ដឹកនាំរបស់ក្រសួងស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុន ឬអង្គការ និងទេសចរលំដាប់លើមធ្យម នឹងរំពឹងថាមានភាពមមាញឹកឡើងវិញផងដែរ។ មិនតែប៉ុណ្ណោះ ការធ្វើដំណើរតាមទូកទេសចរណ៍ និងកប៉ាល់ធំៗដើម្បីឆ្លងទៅតាមកោះនានា នៅតាមតំបន់សមុទ្រក៏គេអាចប៉ាន់ស្មានថា នឹងមានភាពមមាញឹកឡើងវិញក្រោយវិបត្តិជម្ងឺឆ្លងរាតត្បាតកូវិដ១៩នេះ។
និន្នាការនៃការធ្វើដំណើរជាក្រុមរបស់យុវជន ក៏គេរំពឹងថានឹងមានចលនាយ៉ាង រស់រវើកឡើងវិញ បន្ទាប់ពីមានការហាមឃាត់អស់ជាងមួយឆ្នាំកន្លងមកនេះ។ គេនឹងអាចមើលឃើញ ពីការដើរជាក្រុមរបស់ពួកយុវជននេះ ក្នុងទម្រង់ជាការដើរព្រៃ ការបោះតង់ ការជិះរថភ្លើង និងការធ្វើដំណើរតាមកោះជាដើម។
តាមការលើកឡើងខាងលើនេះ ប្រតិបត្តិករទេសចរណ៍ក្នុងវិស័យដឹកជញ្ជូន ដូចជារថយន្តក្រុងទេសចរណ៍ ទូកទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គួរត្រៀមលក្ខណៈរួចជាស្រេច នៅពេលដែលរាជរដ្ឋាភិបាល អនុញ្ញាតិឱ្យមានការជួបជុំ រួមទាំងធ្វើដំណើរដោយសេរីឡើងវិញនាពេលឆាប់ៗខាងមុខនេះ៕
រក្សាសិទ្ធដោយ: នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក