ដោយៈគង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានសុទិដ្ឋិនិយមដោយសង្ឃឹមថា ផ្លែស្វាយកម្ពុជានឹងមានទីផ្សារល្អនៅប្រទេសចិន ដូចចេកអំបូងលឿងដែលកំពុងទទួលបានការគាំទ្រនៅប្រទេសចិនផងដែរ។
លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះថា តាមរយៈការបើកចំហក្នុងទីផ្សារប្រទេសចិន សម្រាប់ផ្លែស្វាយកម្ពុជានឹងមានកំណើន ក្នុងការអភិវឌ្ឍន៍ខ្លាំងដូចដំណាំចេកជាមិនខាន ដោយសារប្រទេសចិនមានតម្រូវការទីផ្សារច្រើន និងមានផលិតភាពកសិកម្មយ៉ាងជឿនលឿន។
លោកបន្តថា “ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្រោយពីមានការជោគជ័យ ក្នុងការនាំចេញដំណាំចេកកម្ពុជា ទៅកាន់ប្រទេសចិន ផលិតកម្មដំណាំចេកនៅកម្ពុជាមានការអភិវឌ្ឍខ្លាំង”។លោកបន្តថា “បរិមាណក្នុងការនាំចេញ មានការកើនឡើងដោយចាប់ពី១ម៉ឺនតោន ក្នុងឆ្នាំ២០១៨ រហូតដល់៣៣ម៉ឺនតោន ក្នុងឆ្នាំ២០២០”។
លោកវ៉ាន វិនធានបានបន្តថា ក្រោមការខិតខំរួមគ្នារវាងប្រទេសទាំងពីរ ផលិតកសិកម្មកម្ពុជា នឹងមានគុណភាពខ្ពស់កាន់តែច្រើនថែមទៀត នឹងអាចនាំចេញទៅកាន់ប្រទេសចិន។ លើសពីនេះទៀត នឹងអាចឈានដល់ដំណើរការថ្មីមួយទៀត ដែលអាចជួយដល់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា បើទោះបីជាជួបវិបត្ដិកូវីដ១៩យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា សម្រេចបានកំណើនកើនឡើង នៅក្នុងឆ្នាំ២០២០។លោកបន្តថា កសិកម្មជាវិស័យដ៏សំខាន់មួយ និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ហើយផលិតផលកសិកម្មរបស់ កម្ពុជាមានលក្ខណៈសំបូរបែប និងមានគុណភាពខ្ពស់ ដូចជា៖ អង្ករក្រអូប, ទុរេនកំពត, ម្រេចកំពត, ក្រូចថ្លុងក្រចេះ និងស្ករត្នោតកំពង់ស្ពឺ ជាដើម -ល-។ សុទ្ធតែមានតម្រូវការនៅក្នុងប្រទេសចិន។
ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅឆ្នាំដំបូងនេះ កម្ពុជារំពឹងថា នឹងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ១០ម៉ឺនតោន ដែលស្មើនឹងចំណូលចំនួន១០០លានដុល្លារ។
លោកបន្តថា “ការនាំចេញក្នុងបរិមាណ១០ម៉ឺនតោន នៅឆ្នាំដំបូងនេះ គឺចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំបន្ទាប់លោកជឿជាក់ថា បរិមាណនឹងមានការកើនឡើងច្រើន ហើយរោងចក្រវេចខ្ចប់ថ្មីៗប្រមាណ១០រោងចក្រទៀត នឹងរួចរាល់ដាក់ឲ្យដំណើរការផងដែរ”។
ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ ផ្ទៃដីដាំដុះស្វាយមានការកើនឡើងរហូតដល់ជាង១៣ម៉ឺនហិកតា ដែលអាចទទួលផលចន្លោះពី១.៦លានតោន ដល់១.៧លានតោន៕