អភិបាលខេត្តកំពង់ស្ពឺៈគំរោងរមណីយដ្ឋានលំដាប់អន្តរជាតិនៅខេត្តកំពង់ស្ពឺតម្លៃ៥០០លានដុល្លារនៅតែបន្តឆ្ពោះទៅមុខ

0

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានលំដាប់អន្តរជាតិ នៅខេត្តកំពង់ស្ពឺនៅតែបន្តដំណើរការ ដោយ​រហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនបានជូនដំណឹងពីការផ្អាកដំំណើរការនោះទេ។

គំរោងដ៏ប្រណីតនេះ វិនិយោគដោយក្រុមហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. សម្រេច​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ នៅ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១០ ឧសភានេះថា តាមព៌តមានលោកទទួលបានបច្ចុប្បន្នអ្នកអភិវឌ្ឍន៍គំរោងនេះ កំពុងរត់ការលើផែនការវិនិយោគ ប្លង់មេ ការចុះបញ្ជីរដីធ្លី ដែលក្រុមហ៊ុ​នប្រមូលទិញបាន១៩០ហិកតា។លោកបន្តថា តាមផែនការក្រុមហ៊ុននេះ នឹងបន្តការអភិវឌ្ឍរបស់ខ្លួនឆ្ពោះទៅមុខ ដោយ​សារក្រុមហ៊ុនអភិវឌ្ឍគំរោងនេះ ជាក្រុមហ៊ុនធំដែលមកពីទីក្រុងហុងកុង សឹង្ហបុរីនិងមកពីប្រទេស្វីស។

គម្រោង​ដ៏​ធំ​នេះ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ នឹងអាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រាប់ពាន់​កន្លែង​។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពង់ស្ពឺធ្លាប់តែគេមើលរំលងទៅហួស មកហួស និងត្រូវគេមើលងាយពីមុនមក លែងជាខេត្តដែលគេមើលរំលងទៀតហើយ ដោយខេត្តនេះទទួលបានគំរោងអភិវឌ្ឍន៍៍ជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ ឧស្សាហកម្ម សំណង់ និងអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here