ចំពោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប នៅតែបន្តកើនឡើង និងឈរនៅលំដាប់ទី1ដដែល ដែលយ៉ាងហោចណាស់នៅក្នុងឆ្នាំ2018នេះ ទំហំពាណិជ្ជកម្មនឹងអាចបន្តកើនឡើងដល់ប្រមាណជាង 6000លានដុល្លារ ។
នេះបើតាមសម្ដីរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់នៅក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបកាលពីព្រឹកមិញនេះ។
សហគមន៍អឺរ៉ុបនៅតែឈរនៅលំដាប់លេខ1ក្នុងការទទួលទំនិញពីកម្ពុជាដែលជាចលករជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋខ្មែរឱ្យមានភាពល្អប្រសើរ ។
លោកស្រី តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សហគមន៍អឺរ៉ុបគឺជាប្រទេសនាំមុខគេក្នុងការទទួលយកទំនិញទៅលក់នៅលើទីផ្សាររបស់ខ្លួន ពិសេសទំនិញ ដែលជាផលិតផលចេញពីរោងចក្រនៅកម្ពុជា ដូចជាផលិតផលវាយណភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ កង់ រួមនឹងអង្ករផងដែរ ដែលជាកត្តាធ្វើឱ្យវិស័យកសិកម្ម និងវាយណភណ្ឌនៅកម្ពុជាកើនឡើងជាលំដាប់ ។

លោកស្រីបានបញ្ជាក់ថា ៖ «ដូចយើងដឹងហើយថា សហគមន៍អ៊ឺរ៉ុបមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាជាយូរមកហើយ រហូតឈរលំដាប់លេខ1 ដែលទទួលយកទំនិញពីកម្ពុជាច្រើនជាងគេ ហើយយើងនឹងខិតខំពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហគមន៍អ៊ឺរ៉ុប ឱ្យកាន់តែរីកចម្រើនថែមទៀត»។
លោកស្រីបន្តថា ៖ «កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗលើពិភពលោក ហើយទំនាក់ទំនងសេដ្ឋកិច្ចនេះ មិនមែនមានផលប្រយោជន៍សម្រាប់តែកម្ពុជានោះទេ គឺទទួលបានផលប្រយោជន៍ទៅដល់ប្រទេសជាដៃគូរបស់យើងដែរ។
កម្ពុជាមានកំណើនសេដ្ឋកិច្ច7% និងជួយកាត់បន្ថយភាពក្រីក្រជាង1% ជារៀងរាល់ឆ្នាំ គឺបានមកដោយសារកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយកម្ពុជាបានត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្រួលដល់វិនិយោគិនបរទេស ដែលមានបំណងចូលមកបណ្តាក់ទុននៅកម្ពុជា។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានថ្លែងថា ទំនិញមួយចំនួនដែលសហគមន៍អ៊ឺរ៉ុបនាំចូលមកកម្ពុជា រួមមានផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលរថយន្តម៉ាកល្បីៗ ជាច្រើនដូចជា BMW, Bosch, Eurasia Conceptជាដើម។
ដើម្បីពង្រឹងទំនាក់ទំនង ក៍ដូចជាស្វែងរកដៃគូលក់នៅក្នុងប្រទេសកម្ពុជា សហភាពអ៊ឺរ៉ុបតែងរៀបចំពិធីបង្ហាញផលិតផលទាំងនោះ ទៅដល់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលមានបំណងធ្វើជាដៃគូជាមួយម្ចាស់ក្រុមហ៊ុនមកពីសហគមន៍អ៊ឺរ៉ុប។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ2016 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប មានចំនួន6259លានដុល្លារ ជាមួយនឹងការទទួលបានការអនុគ្រោះពន្ធទាំងស្រុង។ ដោយឡែក កាលពីឆ្នាំ2017 ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានត្រឹមតែជាង5000លានដុល្លារតែប៉ុណ្ណោះ៕