ការនាំចេញ​ទៅកាន់​ទីផ្សា​រ​អាមេរិក​ឈរ​ក្នុង​កំណើន​ខ្ពស់​ដោយ​កម្ពុជា​សម្រេចបាន​ទំហំ​ទឹកប្រាក់១៥០០លាន​ដុល្លារ​អាមេរិក

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន ដោយ​ត្រីមាស​ទី១ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​សម្រេចបាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ១ ៥០០ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​ជាប់២០ភាគរយ ឈរ​ក្នុង​លំដាប់​ទី១ នៃ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា។

យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ នេះ ការនាំចេញ​ផលិត​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក មានតម្លៃ​គិត​ជា​ទឹកប្រាក់​ជាង១៤៩៦ លាន​ដុល្លារ​អាមេរិក កើនឡើង​ក្នុង​រង្វង់​ជិត២០ភាគរយ​ធៀប​នឹង​ឆ្នាំមុន  ហើយ​ស្មើនឹង​ប្រមាណ​ជា៤០ភាគរយ នៃ​ការនាំចេញ​ផលិតផល​សរុបទៅ​កាន់​ទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារ​សហគមន៍​អឺរ៉ុប, អាស៊ាន, អង់គ្លេស ជប៉ុន និង​ការនាំចេញ​ទៅកាន់​ទីផ្សារផ្សេងៗទៀត។

អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​សៀង ថៃ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មុខទំនិញសំខាន់ៗដែលមាន​កំណើន​មធ្យម ដោយមាន​ទំហំ​ទឹកប្រាក់​ធំ នាំចេញ​ទៅកាន់​ទីផ្សារ​អា​មេ​រិ​ក នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សំភារៈ​ធ្វើដំណើរ កាបូប​គ្រប់​ប្រភេទ​ជាដើម។

ក្រៅពី​ការនាំចេញ​មុខទំនិញ​ខាងលើ កម្ពុជា​ក៏បាន​នាំចេញ​លើ​មុខទំនិញ​មួយចំនួនទៀត ដែល​ទំហំ​ទឹកប្រាក់​មិនសូវ​ធំ តែមាន​ការកើនឡើង​ខ្ពស់​ដូចជា ការនាំចេញ​ទោចក្រយាន សង្ហា​រឹម អំពូល​អគ្គិសនី ខ្សែចម្លង​អគ្គិសនី និង​ក្ដារ​កុង​ប្ល៉ា​កេ​ជាដើម។

លោក​សៀង ថៃ​បាន​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​សហរដ្ឋអាមេរិក ដែលមាន​កំណើន​ល្អ គឺ​បានកើត​ចេញពី​ការខិតខំ​បន្ត​អនុវត្ត​លើ​គោល​ការផ្សេងៗ នៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាដើម រួមជាមួយ​ជឿទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ ព្រោះ​កម្ពុជា​បានបង្ហាញ ពី​ការ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទំនិញ​បាន​ទាន់ពេល និង​គ្រប់​ចំនួន​តាម​ការបញ្ជាទិញ ហើយ​ជាពិសេស​ក្នុងពេល​កន្លងមកនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ សូមកុំ​បញ្ឈប់​ការបញ្ជាទិញ និង​សូម​បន្ត​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here