រដ្ឋាភិបាលចិនដាក់ចេញវិធានការយកពន្ធអចលនទ្រព្យដើម្បីទប់ស្កាត់ភាពជ្រួលច្របល់ក្នុងទីផ្សារ

0

ដោយៈ សុខុម

ក្រុងប៉េកាំងៈ ក្រុមនិយ័តករចិន កាលពីថ្ងៃអង្គារ ទី១១ ឧសភា បានបើកកិច្ចប្រជុំស្តីពីការកែទម្រង់ និងការងារសាកល្បងអនុវត្តការយកពន្ធលើអចលនទ្រព្យ ដែលគេមើលឃើញថាជាឧបករណ៍ដ៏មានឥទ្ធិពលមួយដើម្បីទប់ស្កាត់ភាពជ្រួលច្របល់នៅក្នុងទីផ្សារលំនៅដ្ឋាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ក្រសួងហិរញ្ញវត្ថុចិន បានចេញសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា អង្គភាពនានារបស់រដ្ឋាភិបាលរួមទាំងក្រសួងហិរញ្ញវត្ថុ ក្រសួងលំនៅដ្ឋាន និងអគ្គនាយកដ្ឋានពន្ធដារផង បានស្នើសុំមតិយោបល់ពីក្រុមតំណាងមកពីទីក្រុងមួយចំនួន ក្រុមអ្នកជំនាញ និងក្រុមអ្នកសិក្សាស្រាវជ្រាវអំពីការងារសាកល្បងអនុវត្តពន្ធលើអចលនទ្រព្យ។

ទោះជាយ៉ាងណា ក្រសួងនេះមិនបានបញ្ជាក់បន្ថែមអំពីចំណុចលម្អិតនៃកិច្ចប្រជុំនេះទេ។

ទីផ្សារអចលនទ្រព្យនៅប្រទេសចិន មានសន្ទុះកើនឡើងខ្លាំងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២០ បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា ការហក់ឡើងតម្លៃផ្ទះព្រមគ្នានៅក្នុងទីក្រុងធំៗមួយចំនួន និងដែលឥឡូវនេះកំពុងរាលដាលទៅដល់ទីក្រុងតូចៗ បានបង្កការព្រួយបារម្ភអំពីហានិភ័យហិរញ្ញវត្ថុ និងបញ្ហាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សពេកដែលនាំឱ្យតម្លៃ ប្រាក់ខែ និងអត្រាការប្រាក់ ។ល។ កើនឡើង។

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងកាលពីខែមុនថា ប្រទេសចិន នឹងជំរុញការដាក់ចេញច្បាប់ស្ដីពីពន្ធលើអចលនទ្រព្យ និងការធ្វើកំណែទម្រង់ដែលនឹងនាំឱ្យតម្លៃភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធ្លាក់ចុះ។

កាលពីខែមីនា ប្រទេសចិន បានលុបចោលការលើកឡើងអំពីពន្ធលើអចលនទ្រព្យនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០២១ របស់ខ្លួនរយៈពេល២ឆ្នាំជាប់ៗគ្នា ស្របពេលដែលរដ្ឋាភិបាលផ្តោតលើការជំរុញការប្រើប្រាស់ដើម្បីបង្កើនសន្ទុះនៃការងើបឡើងសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះនៅតែស្ថិតក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះសម្រាប់ឆ្នាំ២០២១-២០២៥ ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here